(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងគម្រោងហូកា (Hoka) នៃក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ចាប់ពីថ្ងៃទី២១-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Spoon ខេត្តសៀមរាប ដោយការផ្ដល់ការបណ្ដុះបណ្ដាលវគ្គនេះគឺកំណត់ត្រឹម៣០នាក់សិន។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ អ្នកជំនាញ និងបុគ្គលបម្រើការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជា ពិសេសនៅខេត្តសៀមរាបនេះ គឺមានបុគ្គលិកឈប់សម្រាកពីការងារ ឬព្យួរកិច្ចសន្យាការងារច្រើន ជាហេតុធ្វើឱ្យបាត់បង់នូវជំនាញវិជ្ជាជីវៈមួយចំនួន ដែលទាមទារឱ្យមានការស្ដារជំនាញសមត្ថភាពដល់ពួកគេឡើងវិញ។ ជាក់ស្ដែង វគ្គបណ្តុះបណ្តាលគ្រូបង្គោលហូកានេះ គឺដើម្បីចូលរួមពង្រឹង និងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋានឲ្យមានគុណភាពខ្ពស់បន្ថែមទៀត ព្រមទាំងទ្រទ្រង់ដល់ការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងបរិបទនៃការស្តារវិស័យទេសចរណ៍ឡើងវិញ។

លោក ជួប រតនា បានបន្តថា វគ្គបណ្តុះបណ្តាលខាងលើនឹងផ្តល់នូវចំណេះដឹង និងជំនាញអំពីវិធីសាស្ត្របង្រៀន (Teaching Methodologies) បន្ថែមដល់អ្នកជំនាញទេសចរណ៍ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

សម្រាប់ការបណ្ដុះបណ្ដាលនេះដែរ រួមមាន៖

១៖ ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (Competency Based Training)។

២៖ វិធីសាស្ត្របង្រៀន HHIT ដែលផ្ដោតលើវិធីសាស្ត្រប្រើវីដេអូ កាត់ត-រចនារូបភាព បទបង្ហាញ ការសម្តែងតួ ពិភាក្សាក្រុម គំនូរផ្ទាំងរូបភាព និងការអនុវត្តផ្ទាល់។

៣៖ ការរៀបចំផែនការ និងសម្ភារៈឧបទ្ទេសបង្រៀន។ សិក្ខាកាមនឹងត្រូវបានវាយតម្លៃសមត្ថភាពក្រោយការបណ្តុះបណ្តាល ដើម្បីក្លាយជាគ្រូបង្គោលហូកាប្រចាំខេត្តសៀមរាប និងមានលទ្ធភាពផ្តល់ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដល់បុគ្គលិកក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលខាងលើ អាចដាក់ពាក្យផ្ទាល់មកកាន់៖

* គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ តាមរយៈតំណភ្ជាប់៖ Trainer Registration Form (kobotoolbox.org) ឬលោក ផន សុភ័ក្រ លេខទូរស័ព្ទ៖ ០៧៨ ២១៤ ២៤៥។

* ក្លឹបបណ្តុះបណ្តាលធនធានមនុស្សខេត្តសៀមរាប (Siem Reap HR Club) លេខទូរស័ព្ទ៖ ០៨៥ ៧៧៧ ៣០៣/ ០១២ ៩៣៣ ១២៧ និងអ៉ីម៉ែល៖ [email protected] ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប (CV) និងលិខិតបញ្ជាក់ការងារបច្ចុប្បន្ន។

ចំពោះកាលបរិច្ឆេទឈប់ទទួលពាក្យ គឺត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖