(កំពត)៖ ទីតាំងរដ្ឋបាលក្រុងបូកគោ ត្រូវបានបំបែកជាពីរទីតាំង គឺទីមួយនៅកន្លែងរដ្ឋបាលក្រុងបច្ចុប្បន្ន ស្ថិតនៅជិតប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើងរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត និងមួយទីតាំងទៀត នៅលើភ្នំបូកគោ នៅអគារក្បែរកាស៊ីណូចាស់ ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបូកគោ ខេត្តកំពត នាពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែមានប្រសិទ្ធភាព។

ការសម្រេចបំបែកទីតាំងរដ្ឋបាលក្រុងបូកគោជា២នេះ គឺធ្វើឡើងតាមរយៈទស្សនកិច្ចចុះពិនិត្យទីតាំងជាក់ស្ដែង ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាកំពត អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា Hotel Group ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធ នាថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តបានឯកភាពគ្នាសម្រេចបំបែករដ្ឋបាលក្រុងបូកគោជាពីរទីតាំង គឺនៅកន្លែងរដ្ឋបាលក្រុងបច្ចុប្បន្នមួយ ស្ថិតនៅជិតប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើងរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត និងមួយទីតាំងទៀត នៅលើភ្នំបូកគោ នៅអគារក្បែរកាស៊ីណូចាស់។

នៅក្នុងជំនួបប្រជុំនៃដំណើរចុះពិនិត្យទីតាំងសាងសង់សាលាក្រុងបូកគោនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ដោយសារទីតាំងភូមិសាស្ត្រក្រុងបូកគោធំទូលាយ ហើយនៅថ្ងៃអនាគតឆាប់ៗ អាចនឹងមានប្រជាជន មករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោផងនោះ និងដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបូកគោ ខេត្តកំពត នាពេលបច្ចុប្បន្ន និងទៅអនាគត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អង្គប្រជុំបានឯកភាពគ្នាសម្រេចបំបែករដ្ឋបាលក្រុងបូកគោតែមួយ ជាពីរទីតាំង ដូចខាងលើ។

សម្តេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ដែរថា អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយដឹកនាំដោយលោក ប្រាក់ សំអឿន និងលោក សក់ សេដ្ឋា ត្រូវពិភាក្សាគ្នាថាតើការិយាល័យណាខ្លះរបស់ក្រុងបូកគោ ចាំបាច់ត្រូវមាននៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវមាននៅរដ្ឋបាលទីតាំងខាងលើ ឬចាំបាច់ត្រូវមានទាំងពីរទីតាំង។

សម្តេចក្រឡាហោមស ខេង បានបន្តបញ្ជាក់ថា ខាងមុខនេះ ក្រុមការងារត្រូវពន្លឿការគូរប្លង់ដឺម៉ាស ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោមឲ្យបានលឿន ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុង ស្រុកផ្សេងៗដែរ៕