(ត្បូងឃ្មុំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្ដដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំ សំដៅការពន្លឿនដំណើរការនេះឲ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរបន្ថែមទៀត។

ទីតាំងដែលលោកស្រី ឱ វណ្ណឌីន ចុះពិនិត្យនៅខេត្តត្បូងឃ្មុំនោះរួមមាន៖

*ទី១៖ មន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ
*ទី២៖ មណ្ឌលសុខភាពជប់
*ទី៣៖ មន្ទីរពេទ្យបង្អែកស្រុកតំបែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានកោតសរសើររដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្រុមគ្រូពេទ្យ ដែលបន្ដខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់គ្រប់ចំនួន រហូតដល់ដូសជំរុញជាដើម។

ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីតាំងចាក់វ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំចំពោះការចាក់វ៉ាក់សាំងនេះ ដោយពួកគាត់ខ្លះគិតខុសថា វ៉ាក់សាំងចាក់តែមួយលើក គឺរួចរាល់ហើយ ដែលការគិតនេះមិនត្រឹមត្រូវនោះទេ ពោលត្រូវដាក់ដូសបន្ដបន្ទាប់ទៅតាមប្រភេទវ៉ាក់សាំង តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។

លោកស្រី ឱ វណ្ណឌីន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬចាក់ដូសទី៣ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ១៩។ លោកស្រីថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាចាំបាច់ ដើម្បីការពារខ្លួន។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីការវិវត្តន៍ថ្មីៗ នៃជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង ដែលបានឆ្លងចូលក្នុងសហគមន៍ប្រទេសកម្ពុជា និងទាមទារឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពារខ្លួន តាមរយៈការអនុវត្តវិធានសុខាភិបាល វិធានការ ៣ការពារ និង៣កុំ បូកជាមួយវ៉ាក់សាំងដែលបានផ្ដល់ជូនទើបអាការពារជំងឺដ៏កាចសាហាវនេះបាន។

មន្ដ្រីជំនាញរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួននោះទេ ពិសេសយល់ច្រឡំថា អូមីក្រុង ស្រាលជាងប្រភេទផ្សេងៗ ដូច្នេះហើយមិនសូវយកចិត្តទុកដាក់ការពារខ្លួនជារឿងមិនត្រឹមត្រូវនោះទេ។ លោកស្រីអះអាងថា ឲ្យតែឆ្លងជំងឺកូវីដ១៩ហើយ មិនស្រួលដូចអ្នកដែលអត់ឆ្លងនោះទេ ពោលវិធានការការពារជារឿងដែលចាំបាច់បំផុត ដែលត្រូវអនុវត្តជានិច្ច។

គួរជម្រាបថា បន្ទាប់ពីបញ្ចប់ការពិនិត្យទីតាំងចាក់វ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន ក៏បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយ លោក ចេង វណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំផងដែរ ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងនៅទូទាំងខេត្ត។

សូមស្ដាប់បទសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន នៅខាងក្រោមនេះ៖