(ត្បូងឃ្មុំ)៖ ឆ្លើយតបចំពោះអ្វីដែលជាបញ្ហាប្រឈម ពាក់ព័ន្ធការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចេញពីចង្កើមនៃក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ក្រុមបាតុករទាំងអស់ ដែលពាក់ព័ន្ធការពាក់ព័ន្ធត្រូវចូលរួមយកសំណាកទាំងអស់គ្នា។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ជំងឺកូវីដ១៩ ឆ្លងមិនរើសក្រុម ឬបក្ខពួកនោះទេ ពោលឆ្លងគ្រប់ប្រទាប់វណ្ណៈទាំងអស់ប្រសិនបើអ្នកទាំងអស់នោះ បានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ និងមិនបានអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវ។

ចំពោះក្រុមបាតុករ ដែលធ្វើបាតុកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកឲ្យពួកគាត់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមយកសំណាកឲ្យបានទាន់ពេលវេលា ជៀសវាងជំងឺកូវីដ១៩ ឆ្លងរីករាលដាលចេញពីការដែលមិនស្ដាប់តាមការណែនាំ ដែលឈមនឹងការអនុវត្តតាមផ្លូវច្បាប់ជាធរមាន។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានកត់សម្គាល់ថា មិនមានអ្វីខុសឆ្គងនោះទេ ដោយគ្រាន់តែពួកគាត់ទៅចូលរួមយកសំណាកនោះ ព្រោះដើម្បីដឹងទាន់ពេលវេលា ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ និងងាយស្រួលបញ្ជូនទៅសម្រាកព្យាបាល។ លោកស្រីអះអាងថា រាជរដ្ឋាភិបាល ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ដោយឥតគិតថ្លៃនោះទេ។

ព្រមពេលជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់បុគ្គលមួយចំនួន មិនត្រូវយកបញ្ហាជំងឺកូវីដ១៩ ដើម្បីកេងចំណេញលើរឿងនយោបាយនោះឡើយ ពោលបញ្ហាជំងឺកូវីដ១៩ ជាការទទួលខុសត្រូវរួមគ្នារបស់បុគ្គលម្នាក់ៗ ចំពោះក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដូច្នេះមិនត្រូវឆ្លៀតឱកាសនេះញុះញង់ឲ្យមានការយល់ច្រឡំឡើយ។

សូមជម្រាបថា មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨នាក់ថែមទៀត។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញបានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ ជាលទ្ធផលគិតត្រឹមម៉ោង១៧៖០០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៨នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន»។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត៕

សូមស្ដាប់បទសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន ជាមួយអ្នកសារព័ត៌មាននៅខាងក្រោមនេះ៖