(បន្ទាយមានជ័យ)៖ លោក រិន រ៉ី អតីតសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ របស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) និងភរិយា បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានយល់ច្បាស់ពីគុណតម្លៃ និងគុណសម្បត្តិរបស់គណបក្សកាន់អំណាចមួយនេះ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ពិធីប្រគល់សេចក្តីសម្រេច និងបណ្ណសមាជិកគណបក្សប្រជាជនកម្ពុជាជូនលោក រិន រ៉ី និងភរិយា ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក យូ សិរីវុឌ្ឍ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាដទៃទៀត។
លោក អ៊ុំ រាត្រី ក៏ដូចជាលោក យូ សិរីវុឌ្ឍ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ហើយបានចាត់ទុកការចូលរួមជីវភាពនយោបាយរបស់លោក រិន រ៉ី និងភរិយា គឺជាការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ដើម្បីរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន ព្រមទាំងនាំមកនូវសុខដុមភាព វិបុលភាព និងកិត្យានុភាពសម្រាប់ជាតិ និងប្រជាជន។
លោក រិន រ៉ី ជាអតីតសមាជិកក្រុមប្រឹក្សា និងជាគណៈកម្មការប្រតិបត្តិខេត្តបន្ទាយមានជ័យរបស់អតីតគណបក្សសង្គ្រោះជាតិ។ លោក រិន រ៉ី គឺជាថ្នាក់ដឹកនាំដ៏សកម្មមួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តបន្ទាយមានជ័យ។
លោក រិន រ៉ី បានអះអាងថា ការដែលរូបលោកមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសាររូបលោក បានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេសប្រជាជនកម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ប្រកបដោយភាពសុខសាន្ត និងមានសុភមង្គល។
លោក រិន រ៉ី បានគូសបញ្ជាក់ថា «ដោយមើលឃើញនូវគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ចំពោះជាតិ និងប្រជាជន ខ្ញុំសូមស្បថសច្ចាថា នឹងស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ជាពិសេសប្តេជ្ញាគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត និងជារៀងរហូតអស់មួយជីវិត»។
ជាមួយការបង្ហាញពីគុណតម្លៃ និងគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជាហើយនោះ លោក រិន រ៉ី ក៏បានលើកពីគុណវិបត្តិមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាហេតុធ្វើឱ្យរូបលោកឆ្អែតចិត្ត លែងចង់ និងដាច់អាល័យជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងមួយនេះផងដែរ។
លោក រិន រ៉ី បានវាយប្រហារទៅមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា ធ្វើនយោបាយដោយគ្មានគោលនយោបាយច្បាស់លាស់ចំពោះការកសាងជាតិឡើយ។ បន្ថែមពីលើនោះ បានប្រើនយោបាយប្រជាភិថុតិញុះញង់ឱ្យមានកំហឹង ការគុំស្អប់ក្នុងសង្គមខ្មែរ ដែលជាហេតុនាំឱ្យមានការបែកបាក់ជាតិ និងនាំដល់ការអន្តរាយជាតិដូចអតីតកាល។
លោក រិន រ៉ី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោក និងភរិយា បានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក រិន រ៉ី ក៏បានគោរពថ្លែងអំណរគុណលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអិចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលបានជួយសម្របសម្រួលឱ្យរូបលោកបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕