(កំពង់ធំ)៖ អ្នកឧញ៉ា លី សាម៉េត តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីអតីតគណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពង់ធំចំនួន៨៣២នាក់ មកពីស្រុកចំនួន៤ គឺស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងក្រុងស្ទឹងសែន បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជា ឱ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត និងលោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ, ព្រមទាំងក្រុមការងារ និងសមាជិក សមាជិកា ដែលទើបប្រកាសចូលជាសមាជិកគណបក្សប្រជាជនថ្មី។
លោក ងួន រតនៈ បានថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់សមាជិក សមាជិកាអតីតគណបក្សសង្គ្រោះជាតិ ដែលវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ លោកថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយដែលមានវ័យចំណាស់ខាង នយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។
លោកបញ្ជាក់ទៀតថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត សូមអំពាវនាវដល់សមាជិក សមាជិកាថ្មី ខិតខំអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់នឹងកសាងប្រទេសជាតិទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន។ នាឱកាសនៅពេលខាងមុខនេះ យើងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សូមឲ្យសមាជិកថ្មីទាំងអស់ ទៅចូលរួមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនឱ្យបានទាំងអស់គ្នា ដើម្បីក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន។
លោក យូ សិរីវុឌ្ឍ បានលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលបងប្អូនសមាជិកសមាជិកាបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ពីព្រោះថាមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួកក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលាដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនបងប្អូនជានិច្ច។
អ្នកឧញ៉ា លី សាម៉េត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូន និងជំនួសមុខឱ្យសម្ដេចតេជោ ហ៊ុន សែន ដើម្បីថ្លែងអំណរអរគុណចំពោះបងប្អូនកូនក្មួយជាទីគោរពជាស្រលាញ់ស្រលាញ់ដែលបានមករួមរស់ជាមួយគណបក្យប្រជាជនកម្ពុជា បើទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តីតែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
អ្នកឧញ៉ា លី សាម៉េត បានបញ្ជាក់ទៀតថា៖ «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេតែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។
អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មីត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាតដោយមិនត្រូវឱ្យជនអគតិណាមួយមកបំផ្លាញបានឡើយ។
អ្នកឧញ៉ា លី សាម៉េត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅគ្រប់អាណត្តិ និងសូមគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត និងសូមប្ដេជ្ញាគាំទ្រជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិទាំងអស់។
ជាមួយគ្នានេះដែរ តំណាងសមាជិកថ្មី បានធ្វើការប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា។ អ្នកឧញ៉ា លី សាម៉េត និងក្រុមការងារបានផ្តល់ជូនថវិកាដល់អ្នកចូលរួមមួយចំនួនផងដែរ៕