(កំពង់ធំ)៖ លោក នី ផល្លី អនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្នោតជុំ តំណាងលោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាឃុំត្នោតជុំ នៅទីស្នាក់ការគណបក្សឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តំណាងសមាជិកដែលត្រូវបញ្ចូលថ្មីបានជម្រាបជូនអង្គពិធីថា ដោយមើលឃើញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើតនិងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ទើបពួកគាត់សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្តឥតងាករេ និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ៗអាណត្តិ។
លោកប្រធានក្រុមការងារបានកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់សមាជិកថ្មី និងស្វាគមន៍ចំពោះសមាជិកថ្មីៗទៀតដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមកម្លាំងគ្នាក្នុងកិច្ចអភិវឌ្ឍឃុំត្នោតជុំឱ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក នី ផល្លី បានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ ក៏ដូចជាផ្តាំផ្ញើទៅសកម្មជនគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់នៅឃុំត្នោតជុំឱ្យបន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាដែលត្រូវបានបញ្ចូលបន្ថែមមានចំនួនសរុប ៣៥៨ រូប ក្នុងនោះស្រ្តី ២០១1រូប។
ដោយឡែកបន្ទាប់ពីពិធីប្រកាសបញ្ចូលសមាជិកថ្មី លោកប្រធានក្រុមការងារបានជួបនិងផ្តាំផ្ញើដល់បេក្ខជនពេញសិទ្ធឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណិត្តទី៥ ឆ្នាំ២០២២ ដោយបន្ថែមពីប្រជាប្រិយភាពនិងការគាំទ្ររបស់គណបក្ស បេក្ខជន បេក្ខនារីត្រូវបង្កើនប្រជាប្រិយភាពរបស់ខ្លួនក្នុងស្រទាប់មហាជនទូទៅតាមរយៈការធ្វើការងារនិងអំពើល្អក្នុងសង្គម និងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ ចុះជួបនិងជួយប្រជាពលរដ្ឋឱ្យដល់ខ្នងផ្ទះ ដោយតម្កល់ផលប្រយោជន៍គណបក្ស និងប្រជាពលរដ្ឋជាធំដើម្បីឈានទៅយកឈ្នះអាសនៈទាំងអស់តែម្តង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណិត្តទី៥ នាពេលខាងមុខនេះ៕