(ស្វាយរៀង)៖ លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន១៣០នាក់ មកពី៥ភូមិនៃសង្កាត់បាវិត។

លោក លឹម សៀងហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន១៣០នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លោកថាទាំងនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជាជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។

នាឱកាសនោះ លោក លឹម សៀងហេង បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ដែលតែងតែនឹករលឹកដល់សមាជិក-សមាជិកាគណបក្សទូទាំងខេត្តស្វាយរៀង ទីណាមានទុកលំបាកតែងតែមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

លោកបានបន្ដថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ពន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ។

លោកបានណែនាំដល់យុវជនដែលជាសមាជិកបក្សទើបតែបញ្ចូលថ្មីត្រូវគាំទ្រប្ដូរផ្ដាច់ និងកៀរគរមិត្តភក្តិបងប្អូនឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី ដើម្បីឈានយកជ័យជម្នះលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលឈានចូលមកដល់នាពេលខាងមុខនេះ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការអភិវឌ្ឍនៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតមានរោងចក្រសហគ្រាសជាច្រើន ដែលអាចស្រូបយកកម្មករ-កម្មការិនីមកបម្រើការងាររាប់ម៉ឺននាក់ ដោយមិនចាំបាច់ចំណាកស្រុកនោះទេ ហើយនៅពេលខាងមុខនេះមានរោងចក្រដែលទើបតែបង្កើតថ្មីត្រូវការកម្មកររាប់ម៉ឺននាក់បន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះដែរ លោក លឹម សៀងហេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាសង្កាត់ និងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីផងដែរ៕