(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានណែនាំដល់ប្រធានគណបក្សសង្កាត់បាក់ខែង និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលបានប្រកាសបញ្ចូលថ្មីចំនួន៥១៧នាក់ ត្រូវចូលរួមការពារសន្តិភាព និងសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសលោក ឃ្លាំង ហួត អញ្ជើញប្រកាសទទួលស្គាល់ប្រធានគណបក្សសង្កាត់បាក់ខែង និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំណុះឱ្យគណបក្សសង្កាត់បាក់ខែងចំនួន៥១៧នាក់ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សខណ្ឌ ក្រុមការងារចុះជួយសង្កាត់ គណបក្សសង្កាត់ និងសមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ៥៥០នាក់។

លោក គង់ ប៊ុនលី ប្រធានគណបក្សសង្កាត់បាក់ខែងដែលទើបតែងតាំងថ្មី និងជាតំណាងសមាជិកដែលទើបបញ្ចូលថ្មីពេលនេះ បានឡើងធ្វើការប្តេជ្ញាចិត្តប្រកបដោយភក្តីភាពស្ម័គ្រស្មោះ បម្រើគណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាអាណត្តិខាងមុខ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

លោក ឃ្លាំង ហួត បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល៤៣ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ៧មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។ លោកបានបន្តថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។

លោកបានគូសបញ្ជាក់បន្ថែមថា ការសម្រេចចិត្តរបស់សមាជិកដែលទើបបញ្ចូលថ្មីនេះ គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត និងបានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត បានអំពាវនាវដល់សមាជិកទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន គឺត្រូវប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងជាបន្ទាន់ ដោយឡែកអ្នកបានចាក់ដូសទី២រួចក៏ត្រូវទៅចាក់ដូសទី៣បន្ថែម និងអ្នកបានចាក់ដូសទី៣រួចក៏ត្រូវទៅចាក់ដូសទី៤បន្ថែមទៀត ដើម្បបង្កើនប្រព័ន្ធការពារជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវបន្តផ្សព្វផ្សាយនិងជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ព្រមជាមួយគ្នានេះ លោក ឃ្លាំង ហួត ក៏បានឧបត្ថម្ភថវិកា១២,៩៩០,០០០រៀល សម្រាប់រៀបចំពិធី និងជូនសមាជិកសមាជិកាថ្មី រួមទាំងអាវ-មួកគណបក្សផងដែរ៕