(ភ្នំពេញ)៖ បេក្ខជនគណបក្សភ្លើងទៀន ៣នាក់ទៀត បានបន្តលាឈប់ពីគណបក្ស និងពីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសង្កាត់កន្ទោក សង្កាត់ឱឡោក និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
បេក្ខជនទាំង៣នោះ រួមមាន៖
* ទី១៖ ឈ្មោះ នី ចាន់ អាយុ ៣៩ឆ្នាំ ភេទប្រុស បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឪឡោក
* ទី២៖ ឈ្មោះ ទូច ភារៈ អាយុ ២៩ឆ្នាំ ភេទប្រុស បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កន្ទោក
* ទី៣៖ ឈ្មោះ សូត វ៉ាន់ថា អាយុ ៤១ឆ្នាំ ភេទប្រុស បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ប្រទះឡាង។
បេក្ខជនទាំង៣រូប បានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យពួកគេដើរចេញពីគណបក្សភ្លើងទៀត ដោយសារអស់ជំនឿ និងគ្មានទំនុកចិត្តតទៅទៀត។
លោក ឃឹម ស៊ុនសូដា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល និងជាអភិបាលខណ្ឌ បានថ្លែងថា បន្ទាប់ទទួលបានពាក្យស្នើសុំចូលជា សមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល បានប្រកាសទទួលស្គាល់ និងស្វាគមន៍ពួកគេទាំង៣រូប ជាសមាជិកពេញសិទ្ធិ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។
សូមជម្រាបថា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៣នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល របស់គណបក្សភ្លើងទៀន បានប្រកាសដើរចេញពីបក្សរបស់ខ្លួន និងបានប្រកាសសុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជារួចហើយ៕