(កាណាដា)៖ អាជ្ញាធរកាណាដា បានប្រកាសដាក់ខេត្ត Alberta ភាគខាងត្បូងប្រទេសកាណាដា ទៅក្នុងការប្រកាសអាសន្ន បន្ទាប់ពីភ្លើងឆេះព្រៃកាន់តែរីករាលដាល ដែលនាំឲ្យប្រជាជន ទាំងអស់ ៨៨,០០០នាក់ នៅក្នុងទីក្រុង Fort McMurray ត្រូវជម្លៀសចេញទៅរកកន្លែង ដែលមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយ BBC នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៦។
មន្ត្រីជំនាញបានព្រមានថា នៅរយៈពេល ២៤ម៉ោងទៀត ប្រសិនបើមិនអាចទប់ស្កាត់បានទេនោះ អគ្គីភ័យនឹងលេបត្របាក់ទីក្រុង ភាគខាងត្បូងប្រទេសកាណាដានេះទាំងមូលតែម្តង។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃខាងលើនេះបានកើតឡើងកាលពីថ្ងៃចន្ទ បានបណ្តាលឲ្យអគារផ្សេងៗ ១,៦០០ខ្នងហើយ ឆេះខ្ទេច ក្នុងនោះមានទាំងសាលារៀនដែលទើបកសាងថ្មីផងដែរនៅក្នុង ទីក្រុង Fort McMurray នៃខេត្ត Alberta។
ការជម្លៀសប្រជាជនទាំងអស់ ចេញពីទីក្រុងបែបនេះ គឺំមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ ហើយដោយឡែក ជោគវាសនានៃទីក្រុងក្បែរព្រំដែនអាមេរិកមួយនេះ ក៏មិនដឹងថាអាចត្រូវគេស្រោចស្រង់បានដែរ ឬមួយក៏យ៉ាងណាដែរ។ ប្រតិបត្តិការសង្គ្រោះតំបន់ជុំវិញ គឺកំពុងតែត្រូវបានគេ ធ្វើឡើងជាបន្ទាន់ ដើម្បីការពារមិនឲ្យគ្រោះមហន្តរាយ រីករាលដាលធំធេងជាងនេះ៕