(បន្ទាយមានជ័យ)៖ មនុស្សស្ម័គ្រស្មោះ និងបានប្រឹងប្រែងបម្រើនយោបាយទណ្ឌិត សម រង្ស៉ី អស់រយៈពេលជិត ៣០ឆ្នាំ បានសម្រេចផ្លាស់ទ្រនំរួមរស់ និងធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានភ្ញាក់រលឹកថា ការបម្រើនយោបាយទណ្ឌិត សម រង្ស៉ី ជារឿងដ៏ខុសឆ្គងចំពោះជាតិ។
ពលរដ្ឋខ្មែរ៣រូប ដែលទើបភ្ញាក់រលឹកថាចាញ់កលនយោបាយទណ្ឌិត សម រង្ស៉ី និងផ្លាស់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនេះ រួមមាន៖ លោក យី សារ៉ាយ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិអតីតបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ ទទួលបន្ទុកប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្ត, លោកស្រី អ៉ឹម ណាវី អតីតក្រុមប្រឹក្សាសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មកពីអតីតគណបក្សសង្គ្រោះជាតិ និងលោក គង់ គាំ អតីតជំទប់ទី២ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកពីអតីតគណបក្សសង្គ្រោះជាតិ។
លោក យី សារ៉ាយ, លោកស្រី អ៉ឹម ណាវី និងលោក គង់ គាំ សុទ្ធតែមានអាយុជាង ៦០ឆ្នាំទៅហើយនោះ បានចូលរួមបម្រើនយោបាយឱ្យទណ្ឌិត សម រង្ស៉ី តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ពោលគឺតាំងពីទណ្ឌិត សម រង្ស៉ី នៅជាប្រធានគណបក្សជាតិខ្មែរ។ ពួកគាត់សុទ្ធតែជាស្មោះស្ម័គ្រយ៉ាងឆ្អិនឆ្អៅជាមួយទណ្ឌិត សម រង្ស៉ី ហើយហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីបម្រើនយោបាយទណ្ឌិត សម រង្ស៉ី។ ក្នុងនោះ លោកស្រី អ៉ឹម ណាវី បានសុខចិត្តបោះបង់ក្របខណ្ឌគ្រូបង្រៀននៅឆ្នាំ២០០២ ទៅបម្រើនយោបាយរបស់ទណ្ឌិត សម រង្ស៉ី ថែមទៀតផង។
បន្ទាប់ពីបម្រើនយោបាយទណ្ឌិត សម រង្ស៉ី យ៉ាងប្តូរផ្តាច់អស់រយៈពេលជិត ៣០ឆ្នាំ, លោក យី សារ៉ាយ និងលោកស្រី អ៉ឹម ណាវី ជាភរិយា ព្រមទាំងលោក គង់ គាំ បានយល់ឃើញថា លោកបានសម្រេចចិត្តខុសលង់ជឿលើទណ្ឌិត សម រង្ស៉ី បម្រើទណ្ឌិត សម រង្ស៉ី ដោយមិនបានជាប្រយោជន៍សម្រាប់ជាតិ ដូចការប៉ងរបស់ខ្លួននោះឡើយ។
ក្នុងលិខិតសរសេរដោយដៃសសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា, លោក យី សារ៉ាយ បានគូសរំលេចថា «ខ្ញុំបាទ និងភរិយា ពិតជាមានការស្តាយក្រោយយ៉ាងខ្លាំង ដែលបានចូលរួមធ្វើនយោបាយ ដែលមិនបានបម្រើផលប្រយោជន៍ប្រទេសជាតិពិតប្រាកដ។ ស្ទើរតែមួយជីវិតរបស់ខ្ញុំ និងភរិយា តែងតែជឿលើការបំផុសបំផុលរបស់លោក សម រង្ស៉ី»។
សកម្មជនស្ម័គ្រស្មោះប្តូរផ្តាច់របស់ទណ្ឌិត សម រង្ស៉ី ទាំង៣រូប បានលើកដែរថា ការដែលពួកគាត់សម្រេចចិត្តចូលរួមរស់ និងធ្វើសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយសារបានមើលឃើញច្បាស់ពីការដឹកនាំ និងការប្រឹងប្រែងកសាងសង្គមកម្ពុជាឱ្យរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
លោក យី សារ៉ាយ បានគូសរំលេចថា «ពេលនេះ ទើបខ្ញុំដឹងថា ប្រទេសកម្ពុជា មានការរីកចម្រើន ប្រជាជនរស់នៅដោយសុភមង្គល និងមានសុខសន្តិភាព គឺមានតែគណបក្សប្រជាជនកម្ពុជា ជាពិសេស គឺមានតែសម្តេចតេជោ ហ៊ុន សែន តែម្នាក់គត់ ដែលជាវីរបុរសជាតិយ៉ាងពិតប្រាកដសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល»។
លោក គង់ គាំ ក៏បានគូសរំលេចក្នុងលិខិតសុំចូលជាសមាជិកបក្សប្រជាជនកម្ពុជាដែរថា «ខ្ញុំបាទបានមើលឃើញនូវគោលនយោបាយក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេសប្រជាជនកម្ពុជារស់នៅក្រោមដំបូលសន្តិភាពរបស់សម្តេចតេជោ គឺប្រជាជនសុខសាន្ត និងមានសុភមង្គលបូករួមនិងក្រុមគ្រួសាររបស់ខ្ញុំបាទផងដែរ»។
មនុស្សស្ម័គ្រស្មោះទណ្ឌិត សម រង្ស៉ី ទាំង៣រូបនេះ មិនត្រឹមតែលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញានោះទេ ពួកគេក៏បានលះទាំងទ្រព្យសម្បត្តិផងដែរ ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ទណ្ឌិត សម រង្ស៉ី។ បច្ចុប្បន្នអ្នកស្ម័គ្រស្មោះទណ្ឌិត សម រង្ស៉ី ទាំង៣រូបនេះ អស់ទ្រព្យសម្បត្តិ ទស់ផ្ទះសម្បែង នៅសល់តែខ្ទមតូចមួយសម្រាប់ជ្រក។
អ្នកភ្ញាក់រលឹកងើបចេញពីឧបាយកលទណ្ឌិត សម រង្ស៉ី ទាំង៣រូប បានផ្តាំផ្ញើដែលអ្នកលង់ជឿសម្តី និងការលួងលោមទណ្ឌិត សម រង្ស៉ី និងបក្ខពួក ឱ្យភ្ញាក់រលឹកឡើង មិនត្រូវបន្តលង់ជឿទៀតនោះឡើយ ប្រយ័ត្នចុងក្រោយអស់ទ្រព្យពីខ្លួនសល់តែខ្ទមដូចជាពួកគាត់។
លោក យូ សិរីវុឌ្ឍ រួមនិងក្រុមការងារគណបក្សប្រជាជនកម្ពុជា តំណាងឱ្យលោក លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចុះទៅជួបសំណេះសំណាលដោយផ្ទាល់ជាមួយអ្នកស្ម័គ្រស្មោះដ៏ផ្តាច់ផ្តិលរបស់ទណ្ឌិត សម រង្ស៉ី ទាំង៣រូបនេះ។ លោក យូ សិរីវុឌ្ឍ បានសម្តែងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតសម្រាប់វត្តមានរបស់ពួកគាត់នៅក្នុងគណបក្សប្រជាជនកម្ពុជា។
លោក យូ សិរីវុឌ្ឍ បានហៅការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តបន្ទាយមានជ័យទាំង៣រូបថា គឺជាសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីចូលរួមធ្វើសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា តាមបំណងប្រាថ្នារបស់ពួកគាត់។
លោក យូ សិរីវុឌ្ឍ បានហៅការភ្ញាក់រលឹកដើរចេញពីទណ្ឌិត សម រង្ស៉ី របស់លោក យី សារ៉ាយ និងភរិយា ព្រមទាំងលោក គង់ គាំ គឺជាផ្តល់នូវយុត្តិធម៌ និងសច្ចភាពចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ លើកិច្ចការកសាងសង្គមកម្ពុជា។
លោក យី សារ៉ាយ និងភរិយា ព្រមទាំងលោក គង់ គាំ ជាមួយការសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានសច្ចាស្មោះត្រង់ជាមួយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងរួមចំណែកបម្រើបក្ស និងប្រទេសជាតិ។ ពួកគាត់ ក៏បានប្រកាសប្តេជ្ញាគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខនាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលអនាគតផងដែរ៕