(កំពង់ឆ្នាំង)៖ តម្លៃផ្លែល្ពៅ និងផ្លែត្រសក់ស្រូវ នៅផ្សារមាត់កំពង់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ នៅក្នុងឆ្នាំ២០២២នេះ មានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ធ្វើឱ្យប្រជាកសិករជាអ្នកដាំដុះមានទឹកចិត្តសប្បាយរីករាយ ក្នុងការប្រមូលផលយកមកលក់ដូរ និងបានជំរុញទឹកចិត្តពួកគាត់ដាំដុះជាបន្តទៀត។

បើតាមលោកស្រី ប្រាក់ ប៊ុនថា អាយុ៥៥ឆ្នាំ ជាប្រជាកសិកររស់នៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ថា «ការដាំដុះដំណាំផ្លែល្ពៅ និងផ្លែត្រសក់ស្រូវ ក្នុងចម្ការនៅឆ្នាំនេះ លក់បានតម្លៃខ្ពស់ជាងឆ្នាំទៅ ដែលអាចធ្វើឱ្យរូបគាត់ក៏ដូច ជាប្រជាកសិករដទៃទៀត នៅក្នុងស្រុកបរិបូណ៌ សប្បាយរីករាយក្នុងការប្រមូលផលផងដែរ»

ដោយឡែកប្រជាកសិករម្នាក់ទៀតលោក ប្រាក់ ប៊ុនថា បានបន្តថា «ផ្លែល្ពៅលក់បោះដុំនៅក្នុងថ្ងៃនេះមានតម្លៃ ក្នុងមួយគីឡូពី៥០០ ទៅ ១០,០០រៀ លតាមតូច តាមធំ។ ចំណែកផ្លែត្រសក់ស្រូវវិញ គឺលក់បោះឱ្យម៉ូយ ក្នុងតម្លៃមួយៗ ពី១០,០០រៀល ទៅ៣០,០០រៀល តាមតូចតាមធំ។ មូលហេតុធ្វើឱ្យផ្លែល្ពៅនិងផ្លែត្រសក់ស្រូវលក់បានតម្លៃខ្ពស់ដូចនេះ ដោយសារតែប្រជាកសិករភាគច្រើនក្នុងឆ្នាំនេះ មិនបានដាំដុះផ្លៃល្ពៅ និងផ្លែត្រសក់ស្រូវទេ គឺគេដាំដំណាំ សណ្ដែកបាយ ឬឪឡឹកជំនួសវិញ។ ព្រោះថា តម្លៃផ្លែល្ពៅក្នុងឆ្នាំមុនមួយគីឡូលក់បានតែ១៥០រៀល ទៅ៣០០រៀល និងផ្លែត្រសក់ស្រូវវិញ មួយផ្លែៗ លក់បានថ្លៃពី៥០០រៀលទៅ ១០,០០រៀលតែប៉ុណ្ណោះ»

កសិករ ប្រាក់ ប៊ុនថា បានបញ្ជាក់ថា ទោះបីការប្រមូលផលដំណាំដាំដុះខាងលើនេះ លក់ដូរក្នុងទីផ្សារមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែប្រជាកសិករមិនទទួលបានផលចំណេញបានច្រើននោះទេ។ ព្រោះថាតម្លៃជីដាក់ដំណាំពីឆ្នាំមុនក្នុងមួយការ៉ុងតម្លៃ ១០ម៉ឺនរៀល តែក្នុងឆ្នាំនេះមួយការ៉ុង ថ្លៃដល់ទៅ ២០ម៉ឺនរៀល។ ហេតុនេះហើយបើប្រៀបធៀបនឹងការចំណាយ ជាមួយការប្រមូលផលលក់ចេញវិញនោះ គឺបានចំណេញសមល្មមដែលប្រជាកសិករអាចទទួលយកបាន៕