(ស្ទឹងត្រែង)៖ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ តំំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បាននាំយកថវិកាចំនួន ១៥៩លានរៀល ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅប្រគល់ជូនកងកម្លាំង ១៨អង្គភាព ដែលកំពុងឈរជើងការពារ តាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគីរី។

ពិធីប្រគល់នេះ បានធ្វើឡើងនៅទីញ្ជាការយោធភូមិភាគទី១ ក្រុងស្ទឹងត្រែង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់។ ក្នុងពិធីនេះ ក៏មានការអមដំណើរដោយមន្ត្រីយោធាជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការជាច្រើនរូប ដោយអនុវត្តតាមបទបញ្ជា និងសេចក្តីណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បន្ទាប់ពីបានស្តាប់របាយការណ៍ដែលបង្ហាញដោយ ឧត្តមសេនីយ៍ឯក ហ៊ួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី១, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ជុំវិញសភាពការណ៍សន្តិសុខ នៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងកម្ពុជា វៀតណាម ដែលក្នុងនោះនាយឧត្តមសេនីយ៍ បានកោតសរសើរខ្ពស់ដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាពទាំងអស់ ដែលឈរជើងនៅក្នុងភូមិសាស្ត្រតំបន់ព្រំដែន នៅទិសយោធភូមិភាគទី១ នេះ ពិសេសមេបញ្ជាការ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១២៨ ដែលបានអនុវត្តតាមយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យតំបន់ព្រំដែនកម្ពុជា ឡាវ ក្លាយជាតំបន់ព្រំដែនមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន។

ជាមួយនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានធ្វើការណែនាំដល់បណ្ដាអង្គភាព ដែលឈជើងតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាមទាំងអស់ ត្រូវអនុវត្តឱ្យបានល្អថែមទៀត លើវិធានការការពារ និងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នេះ។ ក្នុងនោះនាយឧត្តមសេនីយ៍ក៏បានណែនាំដល់គ្រប់បណ្ដាអង្គភាពទាំងអស់ ឱ្យបន្តធ្វើអនាម័យក្នុងអង្គភាពជាប្រចាំ ពិសេសអនុវត្តវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមថា វិធានការនៃការធ្វើអនាម័យ ដើម្បីការការពារនេះ វាមិនគ្រាន់តែការពារសម្រាប់ជំងឺឆ្លងជំងឺកូវីដ១៩ ប៉ុណ្ណោះទេ តែវាក៏អាចការពាររាងកាយយើងគ្រប់គ្នាពីជំងឺដង្កាត់ផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានណែនាំផងដែរ ឱ្យបណ្ដាញអង្គភាពទាំងអស់ ដែលឈជើងជាប់ព្រំដែនជាមួយប្រទេសជិតខាង ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ច នៃប្រទេសជិតខាង ដោយត្រូវធ្វើយ៉ាងណារក្សាឱ្យបាននូវការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន៕