(ភ្នំពេញ)៖ ជនសង្ស័យ៦នាក់ បានជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះនៅផ្លូវក្រវ៉ាត់ក្រុង (៥០ម៉ែត្រ) ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តែត្រូវបានជនរងគ្រោះបាញ់តដៃបណ្តាលឲ្យស្លាប់ម្នាក់ គេចខ្លួនអស់៥នាក់ កាលពីវេលាម៉ោង ៦និង១៥នាទី ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ។

តាមសម្តីជនរងគ្រោះ ដំបូងឡើយខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4840 ធ្វើដំណើរទិសដៅពីស្តុបវត្តឬស្សីសាញ់ឆ្ពោះមកស្តុបបាគូ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវ៥០ម៉ែត្រ ) ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏មានជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿងមកធាក់ខ្លួនធ្លាក់ពីម៉ូតូហើយប្លន់យកម៉ូតូជិះរត់ ភ្លាមៗនោះខ្លួនក៏បានដកកាំភ្លើងខ្លីបាញ់៩គ្រាប់ត្រូវជនសង្ស័យម្នាក់បណ្តាលឲ្យស្លាប់ ចំណែកបក្ខពួកផ្សេងទៀតបានជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

ជុំវិញករណីនេះក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រៃស និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះដល់កន្លែងកើតហេតុធ្វើការហុំព័ទ្ធទីតាំងសពជនសង្ស័យពិនិត្យជាក់ស្តែង និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការខណ្ឌ ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមចាប់បក្ខពួកក្រុមចោរប្លន់ទាំងនោះ៕