(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានប្រគល់គ្រឿងឥស្សរិយយស «Rising Sun, Gold and Silver Star» ជូនលោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន ចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ បានធ្វើក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូត ប្រទេសជប៉ុនប្រចាំកម្ពុជា ដោយមានការ ចូលរួមពីសំណាក់ សមាជិក សមាជិការដ្ឋសភា និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅឯនិវាសនដ្ឋានរបស់ ឯកអគ្គរាជទូតជប៉ុន។

លោក MIKAMI Masahiro បានអបអរសាទរចំពោះ លោក ឈាង វុន ដែលមានស្នាដៃក្នុងការយកចិត្តទុកដាក់ជំរុញ និងពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ូបាជី និងលោកស្រី ព្រមទាំងក្រុមមិត្តភាពសភាជប៉ុន-កម្ពុជាផងដែរ។

ថ្លែងក្នុងពិធីទទួលគ្រឿងឥស្សរិយយសនេះ លោក ឈាង វុន បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលត្រូវបានរដ្ឋាភិបាលជប៉ុន ជ្រើសរើសជាម្ចាស់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់មហាកិត្តិយសនេះ ជាការផ្តល់នូវតម្លៃ នៃការខំប្រឹងប្រែងរបស់លោក ក្នុងកិច្ចការទំនាក់ទំនងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នៅក្នុងក្របខណ្ឌអង្គការនីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ។

លោក ឈាង វុន បានបន្ថែមថា សម្រាប់លោកគ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star នេះ មិនមែនបានមកដោយសារតែលោកតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលស័ក្តិសមនឹងទទួលបានផងដែរ ដោយពួកគេបានគាំទ្រ និងបានចូលរួមយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់លោក នៅក្នុងកិច្ចដំណើរការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានោះ លោក ឈាង វុន ក៏បានថ្លែងនូវអំណរព្រះគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត ដែលតែងតែផ្តល់ការទុកចិត្តផ្តល់កិត្តិយសដល់រូបលោក ឱ្យមានឱកាសបានចូលរួមចំណែកលើកកម្ពស់ការកសាង អភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានោះ លោក ឈាង វុន ក៏ថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសមិត្តជប៉ុនដែលបានផ្តល់នូវសក្តានុពលដ៏ថ្លៃថ្លា សម្រាប់កម្ពុជា តាមរយៈការគាំទ្រ ក៏ដូចជាជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជារាស្ត្រជប៉ុន នៅក្នុងការចូលរួមកសាងកម្ពុជាឡើងវិញ ដែលបានធ្វើឲ្យមានភាពប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច អភិបាលកិច្ចល្អ និងសេវាសាធារណៈជាច្រើនផ្សេងទៀត។

លោក ឈាង វុន ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងក្របខណ្ឌការទូតសភាទ្វេភាគី កម្ពុជា-ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នា និងគ្នា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការធ្វើទស្សនកិច្ចផ្លូវការ សំដៅធានាបានដល់ការលើកកំពស់ប្រសិទ្ធភាព គុណភាព និងការកសាង សមត្ថភាពស្ថាប័នឲ្យកាន់តែរឹងមាំ។

នៅក្នុងឱកាសនោះដែរ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ក៏បានថ្លែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ចូលរួមអបអរសាទរចំពោះ លោក ឈាង វុន នៅក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលទទួលបានគ្រឿងឥស្សរិយយស «Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុនផងដែរ៕