(ព្រៃវែង)៖ សម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរៈសភាសង្ឃ គណៈមហានិកាយ និងជាព្រះអគ្គធិការរងនៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះចៅអធិការវត្ត វិមានតេជះ (វត្តស្រះចក) ជាព្រះតំណាងសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធាន ថេរៈសភានៃព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បាននិមន្តជាអធិបតីស្រង់សុគន្ធវារី ប្រគេនជាព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះរតនពោធិមុនី ឡុង សុផល និងព្រះមេត្តាវរវេទី សាន់ ឡេ។
ពិធីនេះក៏មានការនិមន្ត និងការចូលរួមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ ដែលបានធ្វើឡើងនៅវត្តរតនពោធិ ហៅវត្តព្រែកចង្ក្រានក្រោម ស្ថិតនៅក្នុងភូមិព្រែក ចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
សម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានថេរៈដីកាថា ការស្រង់សុគន្ធវារីប្រគេនព្រះរតនពោធិមុនី ឡុង សុផល និងព្រះមេត្តាវរវេទី សាន់ ឡេ ជាការប្រគេននូវ ឋានៈ តួនាទីបន្ថែមទៅលើឋានៈបុណ្យស័កតួនាទីបច្ចុប្បន្ន ដើម្បីជាការលើកទឹកចិត្ត ដល់ថ្នាក់មន្ត្រីសង្ឃដែលបានខិតខំប្រឹងប្រែងធ្វើការងារ ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីធ្វើយ៉ាងណាឱ្យព្រះពុទ្ធសាសនាបានឋិតថេរគង់វង្សចេរកាលតរៀងទៅ។
ក្នុងនោះដែរសម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ក៏មានថេរៈដីការផ្ដាំផ្ញើ ដល់មន្រ្តីសង្ឃទាំងពីរព្រះអង្គ ដែលបានស្រង់សុគន្ធវារីប្រគេនជាព្រះរាជាគណៈថ្នាក់កិត្តិយសនេះ ត្រូវខិតខំប្រឹងប្រែង ជ្រំជ្រែង លើកដំកើងព្រះពុទ្ធសាសនាឲ្យឋិតថេរ ចេរការយូរអង្វែង និងមានព្រះថេរដីកាផ្ដាំផ្ញើដល់ព្រះសង្ឃទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ធម៌ វិន័យឱ្យបានជ្រៅជ្រះ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ក្នុងការ អប់រំណែនាំឱ្យមនុស្ស លោកទាំងអស់ ដើរនៅផ្លូវត្រូវ ធ្វើតែអំពើល្អ ជៀសឆ្ងាយ ពីអំពើ អកុសលទាំងពួង និងធ្វើឲ្យព្រះពុទ្ធសាសនានៃយើងស្ថិតថេគង់វង់យូអង្វែង។
សូមបញ្ជាក់ផងដែថា ចំពោះការស្រង់សុគន្ធវារីប្រគេននេះមាន ១៖ ព្រះមេត្តាវរវេទី សាន់ ឡេ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរ អនុគណ ស្រុកស៊ីធរកណ្ដាល ព្រមទាំងជាចៅអធិការ វត្តបុទុមមុនីសុគន្ធារាម ហៅវត្តខ្នា។ ទី២៖ ព្រះរតនពោធិមុនី ឡុង សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះធម្មធរអនុគណ ស្រុកស៊ីធរកណ្ដាល ព្រមទាំងជាព្រះចៅអធិការវត្តរតនពោធិ ហៅវត្តព្រែកចង្រ្កានក្រោម។
នៅក្នុងឱកាសនោះដែរ ក៏មានការនិមន្តព្រះសង្ឃ ប្រមាណជាង ១០០អង្គ គោចរ បិណ្ឌបាត ដើម្បីបំពេញកុសលផលបុណ្យ ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ជិតឆ្ងាយ ក្នុងការធ្វើទាន ដើម្បីឧទិសកុសលផលបុណ្យដល់ បុព្វការីជន មាតិកាទាំង ៧ សណ្តាន ដែលបានទំលុះកាយ ទម្លាយខន្ធ ទៅកាន់បក្សរលោកនោះផងដែរ៕