(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីអបអរសាទរដល់ «ទិវាវេជ្ជសាស្រ្ដ សល្យសាស្រ្ដលើកទី២៤ និងថែទាំវេជ្ជសាស្រ្ដលើកទី១១»។
លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា ដោយសារការរីករាលដាលជំងឺកូវីដ១៩ ធ្វើឱ្យមន្ទីរពេទ្យខកខានប្រារព្ធពិធីនេះ ក្នុងរយៈពេល២ឆ្នាំមកហើយ ប៉ុន្ដែឆ្នាំនេះដោយសារជំងឺកូវីដមានការធូរស្បើយ ជាចំណុចមួយដែលយើងត្រូវចាប់ផ្ដើមអ្វីៗឡើងវិញ។
លោកបានបន្ដថា ប្រធានបទរបស់យើងឆ្នាំនេះ គឺទាក់ទងទៅនឹងការសង្គ្រោះបន្ទាន់ ទាក់ទងទៅនឹងអ្នកជំងឺឆ្លងទន្លេ និងអ្នកជំងឺក្រពះពោះវៀន ប៉ុន្តែយើងក៏មានប្រធានបទផ្សេងៗ៤៥ប្រធានបទ សម្រាប់សិក្ខាសាលាបន្តបន្ទាប់ទៀត ដើម្បីយកមកចែករំលែកជាមួយនឹង បុគ្គលិកពេទ្យមន្ត្រីរាជការ នៅក្នុងមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយក៏ជាចំណុចចាប់ផ្ដើមមួយ ក្នុងសេវាថែទាំប្រជាពលរដ្ឋ ក្នុងបរិបទក្នុងការរស់នៅជាមួយនឹងកូវីដ១៩នេះដែរ យើងត្រូវតែពង្រឹងនូវបច្ចេកទេសរបស់យើងជាប់ជា ប្រចាំ។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងវិស័យវេជ្ជសាស្ត្រនេះ ផ្ដោតសំខាន់ទៅលើស្ត្រី នៅពេលដែលគាត់មានផ្ទៃពោះមានការលំបាក ផ្នែក ខុសៗគ្នា ជូនការទៅផ្នែកសង្គ្រោះបន្ទាន់គាត់មានការធ្លាក់ឈាមមានបញ្ហាផ្សេងៗ នៅពេលដែលគាត់ឆ្លងទន្លេ ចាំបាច់យើងត្រូវតែមានបទពិសោធន៍សម្រាប់ជួយពួកគាត់ទាន់ពេលវេលាចំពោះការឆ្លងទន្លេធម្មតាមិនចាំបាច់ទេ ឬពេលដែលគាត់សង្គ្រោះបន្ទាន់ មានជំងឺឬក៏មានបញ្ហាបន្ទាន់ភ្លាមៗចាំបាច់ត្រូវមានបច្ចេកទេស ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋយើងស្ត្រីដែលមានផ្ទៃពោះត្រូវទទួលសេវាឲ្យបានភ្លាមៗទាន់ពេលវេលាជួយសង្គ្រោះទាំងម្ដាយទាំងកូន។
ផ្នែកសង្គ្រោះបន្ទាន់យើងមានគ្រូពេទ្យជាង ២០នាក់ គ្រូពេទ្យផ្នែករោគស្ត្រី មានបុគ្គលិកទាំងអស់ប្រហែលជា ៣០នាក់ សេវាខាងផ្នែកនេះគ្រែនៅក្នុងផ្នែកនេះមានប្រមាណជាង៦០គ្រែដូច្នេះយើងមានគ្រប់ជំនាញទាំងអស់ សម្រាប់ជួយប្រជាពលរដ្ឋ។
លោកបានបន្ថែមទៀតថា គិតត្រឹមម្សិលមិញ មន្ទីរពេទ្យរុស្ស៉ី នៅសល់អ្នកជំងឺកូវីដ១៩ ចំនួន១៤នាក់ ប៉ុណ្ណោះ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរប ស់ សម្តេចតេជោហ៊ុន សែន កម្ពុជាទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយយើងឃើញថា អត្រានៃការឆ្លងបានធ្លាក់ចុះគួរកត់សម្គាល់។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត នៅតែជំរុញឱ្យពលរដ្ឋ បន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យជាប់ជាប្រចាំដែរ ទោះបីជាកម្ពុជាបើកដំណើរការប្រទេសឡើងវិញក៏ដោយ នៅក្នុងនោះដែរ ទាំងលោកគ្រូពេទ្យទាំងអ្នកជំងឺ ត្រូវមានវិធានការការពារជាប់ជាប្រចាំ សម្រាប់ផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕