(បន្ទាយមានជ័យ)៖ អតីតសមាជិកគណបក្សប្រឆាំង ចំនួន១,១៨៤នាក់ មកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានរៀបចំពិធីប្រកាសទទួលស្គាល់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន។
លោក ប្លែក វ៉ារី ប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានទទួលស្គាល់សមាជិកមកពីគណបក្សចំនួន៤ មានសមាជិកចំនួន១,១៨៤នាក់មានស្រុក ក្រុងចំនួន៣។ ក្នុងនោះមានអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចំនួន៦៦៦នាក់, គណបក្សហ្វ៊ុនស៊ីនប៊ិច ចំនួន៤៨នាក់, គណបក្សរួមរួមជាតិ ចំនួន១២៣នាក់ និងគណបក្សភ្លើងទៀន ចំនួន១៦នាក់។
លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារ បានលើកឡើងថា ការជួបសំណេះសំណាលជាមួយសមាជិកគណបក្ស ដែលបានចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រកាសទទួលស្គាល់នេះ ដើម្បីរួមគ្នាតាមគោលនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា ទៅរកការអភិវឌ្ឍ និងរីកចម្រើនគ្រប់វិស័យ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លី សាម៉េត បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌តម្លាភាព ទទួលបានជោគជ័យយើងទាំងអស់គ្នា តំណាងគណបក្សនយោបាយត្រូវគាំទ្រក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា មានសុខសន្តិភាព ការអភិវឌ្ឍ និងរីកចម្រើនគ្រប់វិស័យកម្ពុជា៕