(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២២ វេលាម៉ោង១០៖០០នាទីព្រឹក។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២។
នៅពេលនេះ បណ្តាញព័ត៌មាន Fresh News សូមដកស្រង់នូវមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២ ពីសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល មកជម្រាបជូនដូចតទៅ៖
ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្តាកន្លងទៅហើយ បាន២៥៦៥ ត្រឹមថ្ងៃអាទិត្យ១៥ កើតខែពិសាខ លុះដល់ថ្ងៃចន្ទ ១រោចខែពិសាខ ឆ្នាំខាល ចត្វាត ទៅចូលពុទ្ធសករាជ ២៥៦៦។
នឹងគណនាឆ្នាំខាលឥឡូវនេះ សង្ក្រាន្តចូលនៅថ្ងៃព្រហស្បតិ៍១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២២ វេលាម៉ោង១០៖០០នាទីព្រឹក។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិត នៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយ ព្រះអង្គជាមគ្គនាយិកាព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌បៃតងលម្អ នៅព្រះកាណ៌ ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់ សណ្ដែក-ល្ង ព្រះហស្តស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់ កាំភ្លើងទ្រង់គង់ឈរបើកព្រះនេត្រ នៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។
ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់ គុហាកែវធម្មមាលីនា ទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។
ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យហើយ នាំគ្នាចូលទៅសមាទាន រក្សាសីល សោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យ មង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។
ថ្ងៃព្រហស្បតិ៍១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២២ វេលាម៉ោង១០៖០០នាទីព្រឹក ជាថ្ងៃចូលឆ្នាំខាលត្រីស័ក (ជាវារៈមហាសង្ក្រាន្ត)។
ថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០២២ ជាវារៈវន័បត។
ថ្ងៃសៅរ៍១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសាគ.ស.២០២២ វេលាម៉ោង១៣ និង៤៩នាទី ៤៨វិនាទីជាវារៈឡើងស័កគម្រប់ ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំខាលចត្វាស័ក មហាសករាជ ១៩៤៤ ចុល្លសករាជ ១៣៨៤ តទៅ។
នៅក្នុងឱកាសសង្គ្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបងចិត្តអាក្រក់ អន្យតិរ៉ូយជាចិត្តអប្រិយ៍ជាប់ ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្វសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។
* រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
ស្រេចហើយនៅវេលាម៉ោងដែលទេវតា ចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។
ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ៕