(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហោះសារអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សម្តេចតេជោបានលើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះ បងប្អូនប្រជាជនខ្មែរ បានឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រកបដោយក្តីសប្បាយរីករាយ ខុសពី២ឆ្នាំមុន ដែលកម្ពុជាប្រឈមយ៉ាងខ្លាំងជាមួយនឹងជំងឺកូវីដ១៩។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងសូមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។
តាមរយៈ Facebook សម្តេចតេជោបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «សូមបងប្អូនរីករាយ ក្នុងឱកាសបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី១៣-១៤-១៥ ខែមេសា ឆ្នាំ២០២២ ។ សម្រាប់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជា អាចសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនដូចកាលពី ២ឆ្នាំមុននោះទេ ដែលយើងប្រឈមខ្លាំងជាមួយនឹងជំងឺកូវីដ១៩។
សូមថ្លែងអំណរគុណ ចំពោះបណ្ដាស្ថាប័ន ខេត្តមួយចំនួន ដែលបានរៀបចំសង្រ្កានតាមខេត្តរបស់ខ្លួន ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ ដល់ប្រជាជនកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ។ សូមទទួលបានសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយ ត្រូវប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ជាពិសេស ត្រូវអនុវត្តនូវវិធានការសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីចៀសឆ្ងាយពីជម្ងឺកូវីដ១៩។
សូមអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារព្ធពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។
សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប អោយមានមនសិការចិត្តជាកុសលយោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយសេចក្តីសុខ ក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ»៕