(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន JT International (Cambodia) Co., Ltd ឬហៅកាត់ថា JTI ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ភាពស្អាតស្អំនៅក្នុងវិស័យឯកជន។
ពិធីចុះអនុស្សារណៈយោគយល់នេះ បានធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក Roy Manalili អគ្គនាយកនៃក្រុមហ៊ុនJTI ប្រចាំកម្ពុជា នាសណ្ឋាគារ ហៃយ៉ាត់ រាជធានីភ្នំពេញ។
JTI ជាក្រុមហ៊ុនជប៉ុន ដែលមានទីស្នាក់ការនៅប្រទេសស្វីស ហើយមានបុគ្គលិកជិត៥០០នាក់ នៅកម្ពុជា។ ក្រុមហ៊ុន JTI ត្រូវបានទទួលស្គាល់ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា ជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេ នៅប្រទេសកម្ពុជាផងដែរ។
ឯកសារអនុស្សារណៈនេះ តំណាងឱ្យកិច្ចសហការ និងការគាំទ្ររវាងស្ថាប័នទាំងពីរ ក្នុងន័យចូលរួមចំណែកជាមួយកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ខ្លឹមសារអនុស្សារណៈនេះនឹងអនុលោមទៅតាមច្បាប់ដែលបានចែងក្នុងប្រទេសកម្ពុជា។ ភាគីទាំងពីរ បានទទួលស្គាល់អំពីការពង្រឹងចំណងសហការ ក្នុងការការពារ និងទប់ស្កាត់អំពើពុករលួយ តាមរយៈកិច្ចសហប្រតិបត្តិការស្អិតរមួត។
នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងយ៉ាងដូច្នេះថា៖ «នេះគឺជាឱកាសដ៏ប្រសើរសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុន JTI ក្នុងការចូលរួមជាមួយសហគមន៍វិស័យឯកជន ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាពខ្ពស់។ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ចាំបាច់ត្រូវធ្វើការជាប់ជាមួយគ្នានិច្ច ហើយត្រូវធានាថាយន្តការនៃការប្រឆាំងអំពើពុករលួយ ត្រូវបានអនុវត្តជាប្រចាំ»។
បើតាមលោក Roy Manalili បានថ្លែងថា៖ «យើង គឺជាក្រុមហ៊ុនជប៉ុន។ យើងតែងតែអនុលោមទៅតាមច្បាប់ក្នុងស្រុក និងគោលការណ៍ក្រមប្រតបត្តិរបស់ក្រុមហ៊ុនយើង។ យើងនឹងបន្តបេ្តជ្ញាចិត្តក្នុងការអនុវត្តប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទទួលខុសត្រូវ និងសុចរិតភាព។ អនុស្សារណៈនេះ គឺជាសក្ខីភាពមួយនៃការបេ្តជ្ញាចិត្តរបស់យើង។ JTI នឹងបន្តធ្វើតែរឿងដែលត្រឹមត្រូវ»។
សូមបញ្ជាក់ថា JTI គឺជាក្រុមហ៊ុនដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ក្រុមហ៊ុនឆ្នើមកម្រិតពិភពលោក ពីវិទ្យាស្ថាន Top Employer Institute នៅប្រទេសហូឡង់។ JTI ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងគេលើសកលលោក បានទទួលពានរង្វាន់ស្តង់ដារសមភាពសកល ដែលបានវាយតម្លៃខ្ពស់ដល់ JTI ដោយបានផ្តល់ឱកាសស្មើភាពគ្នា និងប្រាក់កម្រៃស្មើភាពគ្នា ដល់បុគ្គលិកគ្រប់រូប ដោយមិនមានការរើសអើង។ ជាពិសេសដោយមិនប្រកាន់និន្នាការភេទរបស់បុគ្គលិក JTI បានផ្តល់ច្បាប់ឈប់សម្រាកសម្រាប់គ្រួសារ ចំនួន២០សប្តាហ៍ ឬ៥ខែ ដោយមានប្រាក់ខែពេញ ដល់មាតាបិតាដែលមានបុត្រថ្មី។
ការជួយដល់សហគមន៍ គឺជាអាទិភាពរបស់ JTI។ ជាក់ស្តែង ក្រុមហ៊ុន និងបុគ្គលិកបានរួមគ្នាផ្តល់កញ្ចប់ស្បៀងអាហារ ដល់គ្រួសារក្រីក្រចំនួន ១,០០០គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងដោយការរាតត្បាតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍។ សំខាន់ជាងនេះទៅទៀត ក្រុមហ៊ុន បានផ្តល់ជំនួយដល់អ្នកមានពិការភាព ចាស់ជរា និងជនអនាថា ព្រមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ JTI ក៏បានជួយថែរក្សាដល់និរន្តភាពបរិស្ថាន ដោយអនុវត្តគម្រោងការដំាដើមឈើ និងការកែច្នៃសម្រាម ជាមួយដៃគូសហការណ៍របស់ខ្លួន៕