(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជា៤០០នាក់ បានបន្តចុះពិនិត្យ និងព្យាបាលជូនដល់ប្រជាពលរដ្ឋចំនួន៤,៨៩៦នាក់ ដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ ភ្នំជាល ភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យ ពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមានការផ្សព្វផ្សាយវិធីសាស្ត្រការពារជំងឺកូវីដ១៩ ជូនដល់ពលរដ្ឋ ដោយសហការជាមួយ លោកស្រី ខេង សំវ៉ាន់ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តកំពង់ស្ពឺ លោក វេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ អភិបាលស្រុកសំរោងទង ពិសេសមន្ទីរសុខាភិបាល មន្ទីរជុំវិញខេត្តកំពង់ស្ពឺ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិកម្ពុជា។
ការពិគ្រោះជំងឺរួមមាន៖ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។
សូមជម្រាបថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៤ មេសា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់លោក ហ៊ុន ម៉ានី ដោយក្នុងនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សរុបមានចំនួន៦,៧៧៩នាក់ (ប្រាំមួយពាន់ប្រាំពីរមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦ នាក់ (បីពាន់ប្រាំមួយរយកៅសិបប្រាំមួយនាក់) បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន៖ ក្នុងខេត្តកំពង់ស្ពឺ ចំនួន២១២លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន៣២៩,៨៧០នាក់(សាមសិបពីរម៉ឺនប្រាំបួនពាន់ប្រាំបីរយចិតសិបនាក់) ក្នុងនោះស្រ្តីមានចំនួន២២៦,៥៦០នាក់ (ម្ភៃពីរម៉ឺន ប្រាំមួយពាន់ប្រាំរយហុកសិបនាក់)។
ជាងនេះទៅទៀត ក្នុង២៥ រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៥៧៥ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៧,៩០១,៣៥៥នាក់ (ប្រាំពីរលានកៅសិបម៉ឺនមួយពាន់បីរយហាសិបប្រាំនាក់) ក្នុងនោះស្ត្រីមានចំនួន៤,២៣៣,២៩៣នាក់ (បួនលានម្ភៃបីម៉ឺន បីពាន់ពីររយកៅសិបបីនាក់) ស្មើនឹង១ភាគ២នៃប្រជាជនសរុបទូទាំងប្រទេសចំនួន ១៥,៥៥២,២២១ នាក់ (ដប់ប្រាំលានហាសិបប្រាំម៉ឺនពីរពាន់ពីររយម្ភៃមួយនាក់)។
បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ នៅថ្ងៃនេះបានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ៩២នាក់, ជំងឺស្ត្រីចំនួន៖៨៧នាក់, ជំងឺផ្លូវចិត្តចំនួន៖៨៥នាក់, ជំងឺឬសដូងបាតចំនួន៖៦៩នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ៩៣នាក់, ជំងឺផ្លូវដង្ហើមចំនួន៖៦៧នាក់, ជំងឺទឹកនោមផ្អែមចំនួន៖ ១៨២នាក់, អេកូសាស្ត្រចំនួន៖១២៣នាក់, វាស់ និងពិគ្រោះជំងឺបេះដូងចំនួន៖២០៦នាក់, ជំងឺត្រចៀក និងបំពង់ក៖ ៨២នាក់, ជំងឺវះកាត់តូចចំនួន៖៤៣នាក់, វិភាគឈាម៖៧១នាក់, ជំងឺទូទៅចំនួន៖៣២០៤នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៥៤នាក់, សង្គ្រោះបឋមចំនួន៖១០៩នាក់, ជំងឺភ្នែក៖១០៩ និង សុខភាពមាត់ធ្មេញ៤៨។
សូមរម្លឹកថា គិតតាំងពីចាប់ផ្តើមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង ១៩ រាជធានី-ខេត្ត រួមមាន៖ ខេត្តព្រះសីហនុ ខេត្តពោធិសាត់ ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដោយចាក់វ៉ាក់សាំងបានចំនួន ៧,៣០៣,២០០ដូស (ប្រាំពីរលាន សាមសិបម៉ឺន បីពាន់ ពីររយ ដូស)។
លើសពីនេះទៅទៀត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តព្រៃវែងចំនួន ១៣០៥នាក់ កំពុងតែបន្តស្ម័គ្រចិត្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដោយឥតគិតថវិកាបេសកកម្មឡើយ ដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ២៥៦៣នាក់ បានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕