(ត្បូងឃ្មុំ)៖ លោក គន់ រ័ត្នមុនី អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយយុវជនឃុំ សកម្មជនយុវជនភូមិក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ដាក់ចេញផែនការមួយចំនួន ដើម្បីចូលរួមចំណែកស្វែងរកការគាំទ្រដល់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
យុវជនឃុំ និងសកម្មជនយុវជនភូមិ ដែលបានចូលរួមក្នុងកិច្ចសំណេះសំណាលនោះ មកពីឃុំស្រឡប់ ឃុំបឹងព្រួល និងឃុំពាមជីលាំង។ លោក គន់ រ័ត្នមុនី បានជំរុញយុវជនចូលរួមជួយគាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋ។
លោកបានលើកឡើងយ៉ាងដូច្នះ «នេះគឺជាឱកាសរបស់យុវជន ក្នុងការរួមចំណែកជាមួយក្រុមប្រឹក្សាឃុំ ក្នុងការចុះមូលដ្ឋានជួបប្រជាពលរដ្ឋ សមាជិកបក្ស ក៏ដូចជាឱកាសក្នុងការរៀនសូត្រនូវបទពិសោធន៍ ពីចាស់ព្រឹទ្ធាចារ្យយើង ដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់»។
អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំរូបនេះ បានណែនាំឱ្យយុវជនបក្សទាំងអស់ ធ្វើសកម្មភាពផ្សព្វផ្សាយដល់យុវជនតាមភូមិ ឃុំ ពីសមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកសុខសន្តិភាព រក្សាសន្តិភាព និងប្រឹងប្រែងក្នុងការកសាងសង្គមកម្ពុជាឱ្យមានការរីកចម្រើន។ ជាពិសេសការប្រឹងប្រែងក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបានប្រឹងប្រែងធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាល ដើម្បីឱ្យការផ្តល់សេវា និងការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានកាន់តែល្អប្រសើរ ឆ្លើយតបនឹងតម្រូវការចាំបាច់លើការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ថ្វីត្បិតតែយើងមិនបានឆ្លងកាត់សង្គ្រាម តែឪពុកម្តាយយើង បានឆ្លងកាត់ទុក្ខវេទនានេះ។ យើងជាយុវជន បានឃើញយាងច្បាស់នូវការអភិវឌ្ឍន៍ឥតឈប់ឈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសុខសន្តិភាព និងការរីកចម្រើនដល់កម្ពុជា»។
ក្រៅតែពីជំនួបសំណេះសំណាលជាមួយយុវជនបក្សឃុំ និងសកម្មជនយុវជនតាមភូមិហើយនោះ លោក គន់ រ័ត្នមុនី បានចែកអំណោយជូនគ្រួសារក្រីក្រ នៅក្នុងមូលដ្ឋានឃុំបឹងព្រួល និងឃុំពាមជីលាំង ចំនួន ៤៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៣ម៉ឺនរៀល។
លោកក៏បានឧបត្ថម្ភសម្ភារ:សម្រាប់យុវជនធ្វេីសកម្មភាពមនុស្សធម៌ ក្នុងឃុំនិមួយៗ រួមមាន៖ អង្ករ ៥០បេ (១បេ ១០គីឡូក្រាម), ទឹកត្រី ១០យួរ, ទឹកសុីអុីវ ២០យួរ។ ក្នុងនោះយុវជនចូលរួម ១២៧នាក់ ក្នុង១នាក់ទទួលបានថវិកា ១០,០០០រៀល៕