(កំពង់ឆ្នាំង)៖ អតីតសមាជិក សមាជិកា និងជាអ្នកស្ម័គ្រស្មោះប្តូរផ្តាច់របស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ១៣៦នាក់ បានផ្លាស់ប្តូរចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បន្ទាប់ពីពួកគេបានមើលឃើញថាបក្សនេះ បានធ្វើសកម្មភាព និងពលីកម្មជាច្រើនក្នុងបុព្វហេតុជាតិ និងប្រជាជន។
ពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ បានធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក យូ សិរីវុឌ្ឍ តំណាងលោក លី សាម៉េត ទីប្រក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងមួយចំនួនទៀត។
សមាជិក សមាជិកា មកពីអតីតបក្សប្រឆាំង បានឱ្យដឹងថាពួកគេជាអ្នកដែលបានគាំទ្របក្សប្រឆាំងច្រើនឆ្នាំមកហើយ ពោលតាំងពីនៅអតីតបក្សសិទ្ធិមនុស្ស និងបក្សសមរង្ស៉ីមកម្ល៉េះ។ ពួកគេបានលើកឡើងថា បានលង់ជឿនូវការឃោសនា និងការធ្វើប្រជាភិថុតិរបស់ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងមួយនេះ ក្រោមការសន្យាផ្សេងៗ។
«ពេលនេះពួកខ្ញុំប្រៀបជាដូចខ្មោចភ្ញាក់ខ្លួន៧ថ្ងៃ។ ពួកខ្ញុំបានលង់ជឿជាមួយការឃោសនា ការអូសទាញរបស់គេ [មេដឹកនាំអតីតបក្សសង្គ្រោះជាតិ] តែពេលនេះខ្ញុំបានដឹងច្បាស់ថា អ្វីគ្រប់យ៉ាងសុទ្ធសឹងជាការបោកប្រាស់ និងគ្រាន់តែជាការនិយាយប្រៀបដូចក្តីស្រមៃតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់អតីតសមាជិក សមាជិកា អតីតបក្សសង្គ្រោះជាតិ ក្នុងពេលប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្រុមអ្នកដែលធ្លាប់ធ្វើសកម្មភាពសកម្ម ដើម្បីជួយដល់អតីតបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំងទាំងអស់នេះ ក៏បានលើកបង្ហាញនូវមូលហេតុមួយចំនួន ដែលនាំឱ្យពួកគេសម្រេចផ្លាស់ប្តូរជីវភាពនយោបាយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលចាស់ទុំជាងគេលើការដឹកនាំជាតិ ហើយមានគោលនយោបាយច្បាស់លាស់ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។ ជាពិសេសគណបក្សនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត បានប្រឹងប្រែងរំដោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានប្រឹងប្រែងផ្សះផ្សារបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវភាពរីកចម្រើនសម្រាប់ជាតិ និងប្រជាជន។
សមាជិកថ្មីរបស់បក្សប្រជាជនកម្ពុជា មកពីអតីតបក្សប្រឆាំង បានថ្លែងដូច្នេះ «ពួកខ្ញុំបានមើលឃើញច្បាស់ហើយមកដល់ពេលនេះ ហើយក៏មិនមានអ្វីអល់ឯកទៀតដែរ។ ពួកខ្ញុំបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយមួយដែលធំ ហើយចាស់ទុំជាងគេនៅកម្ពុជា។ ភាពចាស់ទុំលើការដឹកនាំ និងគោលនយោបាយរបស់គណបក្សនេះ អាចធានាបាននូវសុខសន្តិភាព ស្ថេរភាព និងជំរុញការអភិវឌ្ឍជាតិ ដែលជាកត្តាដ៏ចាំបាច់បំផុតសម្រាប់ជាតិ និងប្រជាជន»។
លោក យូ សិរីវុឌ្ឍ បានសម្តែងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងរីករាយជាទីបំផុត ចំពោះវត្តមានសមាជិកថ្មីនៅក្នុងខេត្តកំពង់ឆ្នាំង។ លោកបានហៅវត្តមានសមាជិកថ្មី មកពីអតីតបក្សប្រឆាំងនៅកម្ពុជាទាំង ១៣៦នាក់នេះថា ជាកម្លាំងចលករថ្មី និងជាកម្លាំងគាំទ្រថ្មីសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដំណើរដោយភាពរឹងមាំឆ្ពោះទៅរកការដណ្តើមជ័យជម្នះសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែក្រោយ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣។
លោក យូ សិរីវុឌ្ឍ បានថ្លែងអំណរគុណដល់សមាជិកថ្មីទាំងអស់ ដែលបានផ្តល់នូវសច្ចភាពចំពោះគុណសម្បត្តិទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ បានប្រឹងប្រែងចំពោះជាតិ និងប្រជាជនក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។
លោក យូ សិរីវុឌ្ឍ បានបង្ហាញក្តីសង្ឃឹមថា សមាជិកថ្មីមកពីអតីតបក្សប្រឆាំងទាំងអស់ នឹងរួមគ្នាធ្វើសកម្មភាពជ្រោងទង់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាងសង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ៕