(កំពង់ចាម)៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងពេញសិទ្ធិ និងបម្រុងរបស់គណបក្សភ្លេីងទៀន ចំនួន៤២នាក់ នៅខេត្តកំពង់ចាម បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្របពេលដែលការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។
បើយោងតាមរបាយការណ៍របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៤២នាក់ របស់គណបក្សភ្លើងទៀន ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖
លេខរៀងទី១ ចំនួន២នាក់, លេខរៀងទី២ ចំនួន២នាក់, លេខរៀងទី៣ ចំនួន១នាក់, លេខរៀងទី៥ ចំនួន២នាក់, លេខរៀងទី៧ ចំនួន១នាក់, លេខរៀងទី៨ ចំនួន៣នាក់, លេខរៀងទី៩ ចំនួន៣នាក់, លេខរៀងទី១០ ចំនួន៤នាក់, លេខរៀងទី១១ ចំនួន៤នាក់, លេខរៀងទី១២ ចំនួន៣នាក់, លេខរៀងទី១៣ ចំនួន១នាក់, លេខរៀងទី១៤ ចំនួន២នាក់, លេខរៀងទី១៥ ចំនួន២នាក់, លេខរៀងទី១៦ ចំនួន២នាក់, លេខរៀងទី១៧ ចំនួន២នាក់, លេខរៀងទី១៨ ចំនួន៣នាក់, លេខរៀងទី២០ ចំនួន២នាក់, លេខរៀងទី២១ ចំនួន ១នាក់ និងលេខរៀងទី២២ ចំនួន២នាក់។
នាឱកាសនោះដែរ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តមកចូលរួមជីវភាពនយោបាយពីសំណាក់អតីតបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងពេញសិទ្ធិ និងបម្រុងចំនួន៤២នាក់ នៃគណបក្សភ្លើងទៀន។
បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។
គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។
មិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត៕