(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ នៅបរិវេណវត្តភូមិថ្មី ឃុំរកាគយ ស្រុកកងមាស បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣៦៦នាក់ (ស្រី២០៥នាក់) ដែលជាកម្លាំងចលករបន្ថែមទៀត សម្រាប់ការរុញច្រានកម្លាំងរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ចាម និងដើម្បីត្រៀមចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន គឺសម្ដេចបានដាក់ចេញនូវវិធានការ ក្នុងការដឹកនាំគណបក្ស ក៏ដូចជាការដឹកនាំរដ្ឋាភិបាល នាំមកនូវសុខសន្តិភាព និងការរីកចម្រើនរុងរឿង និងនាំមកនូវជីវភាពរីកចម្រើនជូនដល់ប្រជាពលរដ្ឋ ដោយមិនមានប្រកាន់និន្នាការនយោបាយគណបក្សណាមួយឡើយ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយការមើលឃើញដូច្នេះ ទើបបងប្អូនដែលជាសមាជិក សមាជិកាថ្មីទាំង៣៦៦នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយការពេញចិត្ត រួមសុខរួមទុក្ខជាមួយគ្នា ជាមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា ពោលគឺ រួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាសប្បាយ រីករាយជាមួយនឹងសមិទ្ធផល និងការរីកចម្រើនដែលគណបក្សប្រជាជនកម្ពុជាបាននាំមកឱ្យប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានយកឱកាសនោះ សម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជន ចុះជួយស្រុកកងមាស និងថ្នាក់ដឹកនាំគណបក្សប្រជាជន នៅក្នុងមូលដ្ឋាន នៃស្រុកកងមាស ពិសេសឃុំរកាគយ ដែលបានខិតខំធ្វើការងារ ក្នុងការរៀបចំបញ្ចូលសមាជិកថ្មី បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ៕