(ភ្នំពេញ)៖ «ការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ ប្រជាជន ការពារសន្តិភាព និងអភិវឌ្ឍជាតិមាតុភូមិឲ្យមានការរីកចម្រើនជានិច្ច»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២៧៦ រូបនៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅសង្កាត់កោះតូច ក្រុងបូកគោ។
ពិធីប្រកាសបញ្ចូលសមាជិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សក្រុងបូកគោ និងសមាជិកគណៈកម្មាធិការគណបក្សសង្កាត់កោះតូច សរុបជិត៤០០នាក់។
លោក នេត្រ ភក្ដ្រា បានថ្លែងថា ចាប់តាំងរបបខ្មែរក្រហម បានដួលរលំទៅ មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត គ្មានគណបក្សណាមួយ មានសមត្ថភាព និងលទ្ធភាពមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ការពារ កសាង អភិវឌ្ឍប្រទេសជាតិបានឡើយ។ គណបក្សប្រជាជនកម្ពុជាដែលលោក នេត្រ ភក្ត្រា បានថ្លែងថា កើតឡើងដោយប្រជាជនដើម្បីប្រជាជន និងសម្រាប់ប្រជាជន។
លោកបានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់បណ្តាដំណាក់ កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ប្រកបដោយវីរភាពលើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សាភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោក នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា និងជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការ ប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញ គណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុនសង្គ្រោះជាតិ និងប្រជាជន នាំយកសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងបានអភិវឌ្ឍជាតិរីកចម្រើន។
លោកបានគូសបញ្ជាក់ថា «សុខសន្តិភាព ដែលកម្ពុជាមានពេលបច្ចុប្បន្ន ជាសន្តិភាពដែលរកបានមកដោយពិបាក បន្ទាប់ពីការដាក់ចុះនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលចាំបាច់យើងទាំងអស់ ត្រូវចូលរួមថែរក្សាឲ្យបានគង់វង្ស។ កត្តាសុខសន្តិភាពពេញលេញ បានអនុញ្ញាតឲ្យកម្ពុជាមាន ឱកាសពេញលេញអភិវឌ្ឍជាតិឲ្យរីកចម្រើនដូចសព្វថ្ងៃ»។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីតួនាទីសំខាន់ នៃសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការធានានិរន្តរភាព នៃជ័យជម្នះរបស់គណបក្សតាមរយៈការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលក្នុងការ អភិវឌ្ឍសង្គមជាតិ និងជាអ្នកស្វែងរកសន្តិភាព ការផ្សះផ្សា បង្រួបបង្រួបជាតិ និងការការពារបូរណៈភាព ទឹកដីធានាបាននូវសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលតែងតែទទួលបាននូវការគាំទ្រច្រើនលើសលុបពីប្រជាពលរដ្ឋ ដោយសារតែអំពើល្អរបស់មន្ត្រីគណបក្សដែលបានបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។ លោកបានជំរុញមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋានបន្ត បម្រើប្រជាពលរដ្ឋ បន្តធ្វើអំពើល្អ និងក្តាប់ឲ្យជាប់នូវសំណើ និងសំណូមពរប្រជាពលរដ្ឋ និងខិតខំដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយសារតែអំពើល្អរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ទើបគណបក្សប្រជាជនបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានលើកឡើងថា ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត គឺជាជ័យជម្នះរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រៀមឯកសារពាក់ព័ន្ធនានា និងអញ្ជើញទៅបោះឆ្នោតនាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការពារ សុខសន្តិភាព និងការអភិវឌ្ឍជាតិ។ លោកបានលើកឡើងពី គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍឃុំសង្កាត់ដោយបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាសន្យា គឺធ្វើ និងមិនមែនបានត្រឹមប្រើវោហារ សាស្ត្រប្រជាភិថុតិឡើយ។