(រតនគិរី)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីជាង១០០នាក់ ដែលមកពីអតីតគណបក្ស គណបក្សសង្គ្រោះជាតិ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ហើយនៅក្នុងនោះមាន២នាក់ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សភ្លើងទៀនផងដែរ។
សម្រាប់បេក្ខជន២រូបឈរឈ្មោះបោះឆ្នោតគឺលោកស្រី ភឹម ស្រី លេខរៀងទី៦ និងលោក ឡយ សុត លេខរៀងទី៧ ដែលមកពីគណបក្សភ្លើងទៀន បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
បើតាមពាក្យស្នើសុំលាលែង និងពាក្យសុំចូលជាសមាជិកគណបក្សរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន បានបញ្ជាក់ថា មូលហេតុដែលពួកគាត់សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដោយសារពួកគាត់អស់ជំនឿជាមួយមេដឹកនាំគណបក្សរបស់ខ្លួន ហើយពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយបានរួមសុខទុក្ខជាមួយប្រជាជន មិនបោះបង់ចោលប្រជាជន និងមិនរត់ចោលប្រជាជននោះឡើយ។
ពួកគេបានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជមកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងដោយមើលឃើញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទើបពួកគាត់សម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាដោយគ្មានការបង្ខិតបង្ខំឡើយ។
នៅក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានលើកឡើងថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែមទូទាំងឃុំស្វាយចចិប របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានបន្តថា សមាជិកបក្សចាស់ថ្មីមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។
លោកបានណែនាំដល់សមាជិកបក្រទាំងចាស់និងថ្មីត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា។
មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕