(ភ្នំពេញ)៖ លោក ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជានបដិវត្តដ៍ឡាវ បានផ្ញើសារលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៨ ខែឧសភានេះ លោក ថងលួន ស៊ីសូលីត បានបញ្ជាក់ដូច្នេះថា៖

«យើងខ្ញុំ និង ក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ក្រោយពីទទួលបានព័ត៌មានថា លោក ហ៊ុន ណេង អតីតសមាជិក កណ្តាលនៃគណបក្សប្រជាជនកម្ពុជា អតីតសមាជិកអចិន្ត្រៃយ៍រដ្ឋសភា អតីតប្រធានគណះកម្មធិការ ទី៤ រដ្ឋសភា អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អតីតអភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និង ខេត្តស្វាយរៀង បានទទួលមរណភាពនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

មរណភាព ឯកឧត្តម ហ៊ុន ណេង មិនត្រឹមតែជាការបាត់បង់ឥស្សរជនដ៏សំខាន់មួយរូប ដែល បានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក៏ដូចជាការពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពរវាង សបបឡាវ និងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកតែប៉ុនណោះទេគឺជាការបាត់បង់បងប្រុស ជាទីគោរពស្រលាញ់ របស់សម្តេចតេជោ ដែលបានឧទិសខ្លួនដើម្បីក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និង ប្រជាជនកម្ពុជាផងដែរ ។

ក្នុងឪកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះស ម្តេច តេជោ ក៏ដូចជា គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារក្នុងឱកាសនេះ»។

សូមបញ្ជាក់ថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយរោគាពាធ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ សម្ដេច ហ៊ុន ណេង ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្ដេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕