(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Michael Schmeiser លេខាទី១ នៃស្ថានទូតអូទ្រីសប្រចាំកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនអូទ្រីសមួយចំនួនបានចូលរួមផងដែរ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអូទ្រីស ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋ ក្នុងពេលកន្លងមករហូតកម្ពុជា អាចសម្រេចបានគោលដៅបើកដំណេីរការប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋបានរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី សំដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកស្រីរដ្ឋលេខាធិការ ក៏បានបន្ថែមថា បច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឲ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវ ការគ្របដណ្តប់សេវាសុខភាពជាសាកល ហេីយក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រេីនសំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះ។ លោកស្រី ឱ វណ្ណឌីន បានបន្តថា ទោះបីរស់ក្នុងបរិបទកូវីដ-១៩ តែវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅតែមានដំណើរការ និងសហការជាប្រចាំ។
គណៈប្រតិភូបានថ្លែងអបអរសាទរដោយក្តីកោតសរសេីរ ប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គណ:ប្រតិភូបានជម្រាបជូនអង្គប្រជុំពីគោលបំណងធ្វើកិច្ចសហប្រតិបត្តិការ ដោយប្រេីកម្ចីអភិវឌ្ឍន៍ (Soft Loan) ក្នុងផ្នែកសុខាភិបាល។
លោកស្រីរដ្ឋលេខាធិការ ក៏បានលើកជម្រាបជូនដល់គណៈប្រតិភូធុរ:កិច្ចអូទ្រីសបន្ថែមថា ក្រសួងសុខាភិបាលតែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឯកជនស្របច្បាប់ទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ បច្ចុប្បន្ននេះមានផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រពីប្រទេសអូទ្រីស ក្នុងកម្រិតនៅតិចតួចនៅឡេីយ ដែលបានចុះបញ្ជិកានៅកម្ពុជា។
លោកស្រី បានលើកទឹកចិត្តគណៈប្រតិភូធុរកិច្ចអូទ្រីស សិក្សាលទ្ធភាពពង្រីកទីផ្សារនាំយកនូវផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រអូទ្រីសមកកម្ពុជា។ លោកស្រី បានលើកទឹកចិត្ត និងស្នើសុំភាគីអូទ្រីស ជួយលើគម្រោងផ្តល់សេវាកម្មវេជ្ជសាស្ត្រ ការផ្តល់សេវាថែទាំព្យាបាលជំងឺមិនឆ្លង ការវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រ Digital Health ដែលជាផ្នែកមួយនៃគម្រោងជំរុញការថែទាំសុខភាពបថម (PHC Booster) ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។
ក្រសួងសុខាភិបាល តែងតែស្វាគមន៍នូវជំនួយអភិវឌ្ឍន៍ (Grant Project) ដែលផ្តល់ផលប្រយោជន៍ដល់ការលើកកម្ពស់សុខភាពប្រជាជន។ ចំពោះកម្ចី(Soft Loan) នេះ លោកស្រីស្នើគណៈប្រតិភូពិភាក្សាបន្ថែមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕