(ឧត្តរមានជ័យ)៖ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានឈរជើងជាប់ប្រចាំនៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិក សមាជិកា និងសកម្មជន ចុះធ្វើសកម្មភាពស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

នៅថ្ងៃទី២២ ខែឧសភា លោក គន់ គីម បានជួបសំណេះសំណាលជាមួយយុវជនបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកអន្លង់វែង ជិត ២០០នាក់។ ក្នុងជំនួបសំណេះសំណាលនោះ លោក គន់ គីម បានណែនាំឱ្យយុវជនបក្សចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោត ក៏ដូចជាការត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះ លោក គន់ គីម ក៏បានណែនាំដល់យុវជនបក្សនៅពេលចុះទៅជួបប្រជាពលរដ្ឋនោះ ឆ្លៀតស្រង់ស្ថិតិពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេសការចាក់ដូសជំរុញ។ សមាជិកអចិន្ត្រៃយ៍បក្សប្រជាជនកម្ពុជារូបនេះ បានណែនាំដល់យុវជនបក្សថា បើប្រជាពលរដ្ឋរូបណាមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទេ ត្រូវនាំគាត់ទៅចាក់នៅតាមទីតាំងផ្តល់សេវាចាក់វ៉ាក់សាំង។

លោក គន់ គីម បានគូសបញ្ជាក់ដូច្នេះ «យើងបានណែនាំគាត់ឱ្យនាំប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ យើងធ្វើដូចនេះ ចង់បង្ហាញឱ្យឃើញថា យើងមិនមែនគិតតែរឿងសន្លឹកឆ្នោតនោះទេ តែយើងបានគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ បម្រើ និងការពារប្រជាពលរដ្ឋ គឺជាស្មារតីរបស់គណបក្សប្រជាជនកម្ពុជា»

សូមបញ្ជាក់ថា លោក គន់ គីម បាននិងកំពុងដឹកនាំ និងបញ្ជាដោយផ្ទាល់ដល់សមាជិក សមាជិកា នៅតាមឃុំ-សង្កាត់ ទាំង២៤ នៅក្នុងខេត្តឧត្តរមានជ័យ ឱ្យធ្វើសកម្មភាពនានា ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ។ បើទោះបីខេត្តជាប់ព្រំដែនថៃមួយនេះ មានគណបក្សចូលរួមប្រកួតប្រជែងតិចតួចយ៉ាងណាក្តី តែលោក គន់ គីម បានយកចិត្តទុកដាក់ខ្លាំងលើការងារស្វែងរកសំឡេងឆ្នោតនេះ ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងអាសនៈក្រុមប្រឹក្សាំឃុំ-សង្កាត់ទាំងអស់ នៅក្នុងខេត្តឧត្តរមានជ័យ៕