(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងឱកាសលោកស្រី ចូលរួមឃោសនារកសំលេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅភូមិក្បិល ឃុំសានគ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

ឆ្លៀងក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ក្នុងនោះមានទាំង ការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនផងដែរ។

លោកស្រីថា «ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរបស់ប្រជាពលរដ្ឋ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញសុខសន្តិភាព ទាំងនេះជាតម្លៃដែលបានផ្តល់ឲ្យយើង មានឱកាសបញ្ជូនកូនចៅ ទៅរៀនសូត្រចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធារ ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏មានការរីចំរើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិគ្រប់តំបន់»

លោកស្រីបានបន្តថា ពាក់ព័ន្ធនឹងស្ថានការណ៍ជំងឺកូវីដ-១៩ មកដល់បច្ចុប្បន្ននេះ ការបន្តរាតត្បាតនៅលើពិភពលោក និងក្នុងតំបន់ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសជាមួយនឹងការរកឃើញនៃវីរុសបំប្លែងថ្មីអូមីក្រុង យ៉ាងណាក៏ដោយ កម្ពុជាអាចបន្តការទប់ស្កាត់បានល្អ ហើយបានរក្សាអត្រានៃឆ្លងគឺមិនមានទេក្នុងរយ:ពេលចុងក្រោយនេះ។ ដោយសារការចូលរួមរបស់ប្រជាពលរដ្ឋ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយយន្តការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានបន្តធ្វើការជាប់ជាប្រចាំដើម្បីត្រៀមសហការណ៍ជាចម្បងបំផុត ក្នុងដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺនេះ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី មានទស្សនវិស័យខ្ពស់និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ, ច្បាស់លាស់ និងទាន់ពេលវេលា សំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ហើយទាំងនេះ គឺជាការគិតគូរទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ឡើយ៕