(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីបំភ្លឺទៅកាន់គណបក្សភ្លើងទៀនថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមានករណីបើកវគ្គបំពាក់បំប៉នមន្ត្រីការិយាល័យបោះឆ្នោតពីគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះឡើយ។

គួរជម្រាបថា តាមរយៈលិខិតលេខ ០៦៩/២២ គភទ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់គណបក្សភ្លើងទៀន បានស្នើសុំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានវិធានការទប់ស្កាត់ និងបំភ្លឺលើករណី៖ មន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក ចាត់ប្រធានការិយាល័យបោះឆ្នោត អនុប្រធានការិយាល័យបោះឆ្នោត និងលេខាធិការការិយាល័យបោះឆ្នោត ទៅបើកវគ្គបំពាក់បំប៉ន។

ត្រង់ចំណុចនេះ គ.ជ.ប បានចេញបំភ្លឺវិញថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមានករណីបើកវគ្គបំពាក់បំប៉នមន្ត្រីការិយាល័យបោះឆ្នោតដោយគណបក្សនយោបាយណាមួយ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ ដោយហេតុថានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប មិនទាន់បានជ្រើសរើស និងតែងតាំងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ណាមួយនៅឡើយទេ។ ផ្អែកតាមប្រតិទិនការងាររបស់ គ.ជ.ប ការប្រឡងជ្រើសរើសសមាសភាព គ.ក.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

ខាងក្រោមនេះជាលិខិតរបស់ គ.ជ.ប៖