(ភ្នំពេញ)៖ បេក្ខជនគណបក្សភ្លើងទៀន២នាក់ទៀត បានបន្តលាឈប់ពីគណបក្ស និងពីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អនុប្រធានគណបក្សខណ្ឌកំបូល បានទទួលបេក្ខជនចំនួន២នាក់ ដែលបានសម្រេចចិត្តលាលែងពីគណបក្សភ្លើងទៀន និងបានឈប់ពីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា សង្កាត់ស្នោរ ខណ្ឌកំបូល។
បេក្ខជនទាំង២នាក់នោះរួមមាន លោកស្រី ស្ងួន សំអាត បេក្ខជនលេខរៀងទី១ និងលោក ចំរើន សារឿន បេក្ខជនលេខរៀងទី៥។
បេក្ខជនទាំង២រូប បានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យពួកគេដើរចេញពីគណបក្សភ្លើងទៀត ដោយសារអស់ជំនឿ និងគ្មានទំនុកចិត្តតទៅទៀត ហើយបានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក ឃឹម ស៊ុនសូដា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល និងជាអភិបាលខណ្ឌ បានថ្លែងថា បន្ទាប់ទទួលបានពាក្យស្នើសុំចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល បានប្រកាសទទួលស្គាល់ និងស្វាគមន៍ពួកគេទាំង២រូប ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕