(ភ្នំពេញ)៖ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន និងសកម្មជនសរុបចំនួន៣៨នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាប្រកាសកាត់ស្លាក ដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួនបោះចោល និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ ក្រោយពួកគេអស់ជំនឿលើគណបក្សនយោបាយមួយនេះ។
បន្ទាប់ពីកាត់ស្លាក និងដោះសម្លៀកបំពាក់ដែលមានរូបសញ្ញាគណបក្សភ្លើងទៀនហើយនោះ ពួកគាត់ទាំងជិត៤០នាក់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឲ្យការបម្រើជាតិ និងប្រជាជន។
ពួកគាត់សុទ្ធបានបញ្ជាក់ដូចៗគ្នា ការសម្រេចចិត្តចាកចេញ ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សភ្លើងទៀន ហើយគិតថា មិនមានគណបក្សនយោបាយណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។
គួរជម្រាបថា សមាជិកគណបក្សភ្លើងទៀន ទាំង៣៨នាក់នេះ មាននៅសង្កាត់ច្បារអំពៅទី២ និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្នុងនោះមានទាំងបេក្ខជនឈរឈ្មោះលេខរៀងទី១ និងសកម្មជនផងដែរ។
សូមរំលឹកថា នេះមិនមែនជាលើកទី១នោះទេ ដែលបេក្ខជនឈរឈ្មោះ និងសកម្មជនរបស់គណបក្សភ្លើងទៀន បានចាកចេញពីបក្សនេះ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ពោលអតីតសមាជិកបក្សនេះជារឿយៗ បាននិងកំពុងតែបន្ដចាកចេញ ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បើទោះបីយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត កំពុងតែដំណើរការយ៉ាងណាក្ដី៕