(ភ្នំពេញ)៖ បេក្ខជនគណបក្សភ្លើងទៀនម្នាក់ទៀត បានបន្តលាឈប់ពីគណបក្ស និងពីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អនុប្រធានគណបក្សខណ្ឌកំបូល បានទទួលបេក្ខជនរូបនេះ ដែលបានសម្រេចចិត្តលាលែងពីគណបក្សភ្លើងទៀន និងបានឈប់ពីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា សង្កាត់ស្នោរ ខណ្ឌកំបូល។
បេក្ខជនឈរឈ្មោះរូបនេះគឺលោក ជួ រ៉ាពោជ ជាបេក្ខជនលេខរៀងទី១០របស់គណបក្សភ្លៀងទៀន។ លោក ជួ រ៉ាពោជ បាននិយាយថា មូលហេតុ ដែលនាំឲ្យរូបគេដើរចេញពីគណបក្សភ្លើងទៀត ដោយសារអស់ជំនឿ និងគ្មានទំនុកចិត្តតទៅទៀត ហើយបានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក ឃឹម ស៊ុនសូដា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល និងជាអភិបាលខណ្ឌ បានថ្លែងថា បន្ទាប់ទទួលបានពាក្យស្នើសុំចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល បានប្រកាសទទួលស្គាល់ និងស្វាគមន៍គាត់ ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា គណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល ក៏បានទទួលបេក្ខជនគណបក្សភ្លើងទៀន២នាក់ផងដែរ ក្រោយពួកគេបានបន្តលាឈប់ពីគណបក្ស និងពីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសង្កាត់ស្នោរ ដើម្បីមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ បេក្ខជនទាំង២នាក់នោះរួមមាន លោកស្រី ស្ងួន សំអាត បេក្ខជនលេខរៀងទី១ និងលោក ចំរើន សារឿន បេក្ខជនលេខរៀងទី៥៕