(ភ្នំពេញ)៖ ពេញមួយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានបន្តចុះសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋនៅតាមភូមិមួយចំនួននៅសង្កាត់បាក់ខែង ដើម្បីដឹងពីស្ថានភាពរស់នៅរបស់បងប្អូន និងដើម្បីស្វែងរកការគាំទ្រពីពួកគាត់ សម្រាប់ការគាំទ្រគណបក្សប្រជាជនកម្ពុជា នាថ្ងៃបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។

ជាមួយគ្នានេះ លោកក៏មិនភ្លេចលើកឡើងពីគុណតម្លៃមិនអាចកាច់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងឡើង។

លោក ឃ្លាំង ហួត និងក្រុមការងារទាំងអស់បានទទួលស្វាគមន៍ពីប្រជាពលរដ្ឋតាមភូមិឋានទាំងនោះ ហើយលោកក៏បានចុះពិនិត្យផ្ទាល់ចំពោះពលរដ្ឋដែលរស់នៅតាមប្រឡាយផងដែរ ជាពិសេសនោះលោកបានជួបផ្ទាល់ និងសួរសុខទុក្ខចំពោះមនុស្សចាស់ជរាពីសុខភាពរបស់ពួកគាត់ និងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាបញ្ហាមួយចំនួនផងដែរ។

ក្នុងជំនួបជាមួយពលរដ្ឋតាមខ្នងផ្ទះ លោក ឃ្លាំង ហួត បានលើកឡើងពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងមានប្រសិទ្ធភាព រហូតមិនមានអ្នកឆ្លងតទៀតក្នុងរយៈពេលជិត២០ថ្ងៃមកនេះ។

ជាមួយគ្នានេះលោកបានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា (ជាតិ សាសនា ព្រះមហាក្សត្រ) គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោកបានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាម រយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នាគឺជាសាក្សីរស់ក្នុងការបញ្ជាក់ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។

នៅក្នុងឱកាសនោះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋបោះឆ្នោតគាំទ្របេក្ខជនចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ ដើម្បីឲ្យពួកគាត់ បានរួមសុខ រួមទុក្ខបន្តបំពេញភារកិច្ច និងបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធានាបាននូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៕