(ព្រះវិហារ)៖ លោក ពឹង ទ្រីដា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចុះជួយស្រុករវៀង និងជាប្រធានក្រុមការងារចុះជួយឃុំរមទម និងឃុំរបៀប ស្រុករវៀង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្ស ភូមិទួលរវៀង ជាមួយនឹងការហូបនំបញ្ចុកសាមគ្គី ជាមួយគ្នាដោយភាពស្និទ្ធស្នាល។

នៅក្នុងឱកាសនេះដែរ លោក ពឹង ទ្រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារចុះជួយឃុំរមទម ក៏ដូចជាបេក្ខជនពេញសិទ្ធិ និងបម្រុង ព្រមទាំងសមាជិក សមាជិកាបក្សឃុំរមទមទាំងអស់ ដែលចាប់តាំងពីថ្ងៃឃោសនារកសម្លេងឆ្នោតថ្ងៃទី១ រហូតមកដល់ថ្ងៃនេះ បានរួបរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងទិសដៅដណ្តើមជោគជ័យនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា។

លោក ពឹង ទ្រីដា ក៏បានណែនាំដល់បេក្ខជនពេញសិទ្ធិ និងបម្រុង ក៏ដូចជាក្រុមការងារចុះជួយឃុំរមទមទាំងអស់ ស្របពេលចុះតាមខ្នងផ្ទះតាមភូមិនានា ក្រៅពីផ្សព្វផ្សាយពីគោលនយោបាយបក្ស ពីលេខរៀងគណបក្ស និងពីរបៀបគូសសន្លឹកឆ្នោត ត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋកុំឱ្យជឿតាមការដើរខ្សឹបនិងដើរសន្យាបោកប្រាស់ ពីគណបក្សនយោបាយមួយចំនួនឱ្យសោះ ព្រោះឱ្យតែរដូវឃោសនាបោះឆ្នោតម្តងៗ គណបក្សនយោបាយមួយចំនួននោះ គេតែងតែដើរឃោសនារបៀបនេះ ជាមួយប្រជាពលរដ្ឋជានិច្ច។

ជាមួយគ្នានេះដែរ លោក ពឹង ទ្រីដា ក៏បានថ្លែងកោតសរសើរដល់ប្រជាពលរដ្ឋនៅឃុំរមទម ពិសេសពលរដ្ឋភូមិទួលរវៀង ដែលមកដល់ថ្ងៃនេះមានការយល់ដឹងច្បាស់លាស់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសចាំលេខរៀងគណបក្សប្រជាជននៅក្នុងឃុំរមទម ក៏ដូចជាគូសសន្លឹកឆ្នោតបានល្អចំលេខរៀងគណបក្សប្រជាជនកម្ពុជា។

លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា បោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ភូមិ ឃុំ របស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត នៅក្នុងឱកាសដ៏ស្និទ្ធស្នាលនេះដែរ ក៏មានការរៀបចំពិសារនំបញ្ចុកសាមគ្គី ជាមួយគ្នាដោយភាពសប្បាយរីករាយផងដែរ៕