(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៧២០នាក់នៅភូមិព្រែកថ្មី និងមណ្ឌលសកម្មភាព ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

ពិធីនេះក៏មានការចូលរួមពីអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រីក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១១ និង លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំព្រែកតាសេក។

ថ្លែងនាឱកាសនោះទេសរដ្ឋមន្ត្រី បានសម្ដែងមោទកភាពជាអនេក ដែលអ្នកស្រុកកោះធំបានទទួលមន្ទីរពេទ្យដ៏ទំនើបមួយគឺមន្ទីរពេទ្យតេជោសែនកោះធំដើម្បីឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់ អភិវឌ្ឍជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានបន្ថែមថា៖មន្ទីរពេទ្យនេះនឹងក្លាយជាទីតាំងផ្តល់ សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុក កោះធំ និងតំបន់ជិតខាងនៃស្រុកនេះផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានរំឭកផងដែរអំពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នក ទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រតិបត្តិករដ៏ឆ្នើម នាំមកនូវការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី សន្តិភាព សេរីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រជាពលរដ្ឋ អំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន និងបានបញ្ជាក់ថា៖ កម្ពុជាបានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសភាពដ៏អង់អាចក្លាហានរបស់សម្ដេច ដែលបាននាំមកនូវការ បង្រួបបង្រួមជាតិខ្មែរតែមួយក្រោមដំបូលម្លប់សន្តិភាពពេញបរិបូរណ៍នៅទូទាំងផ្ទៃប្រទេស។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើសូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះអញ្ជើញទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំជ្រោយតាកែវ ឋិតក្នុងលំដាប់លេខរៀងទី៣ មានរូបទេវតាបាច់ផ្កា ជាសម្គាល់ ឋិតក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន៦គណបក្ស ដោយភ្ជាប់មកជាមួយនូវ ឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ៕