(ក្រចេះ)៖ រយៈពេលជាងមួយសប្តាហ៍នៃយុទ្ធនាការចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ នៅខេត្តក្រចេះ ក្រុមការងារនានារបស់គណបក្សប្រជាជនកម្ពុជា បានជួបអ្នកបោះឆ្នោតរាប់ពាន់នាក់។

ពេលជួបសំណេះសំណាលដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត ដើម្បីបញ្ជ្រាបសារនយោបាយសំដៅទាក់ ទាញ សមានចិត្ត និងពង្រឹងជំនឿជាក់ គាំទ្រគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ខាងមុខនេះ ក្រុមការងារតែងតែសង្កេតឃើញជាទូទៅពីបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាជន ដែលគ្មានចង់បានអ្វីក្រៅពីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព ដើម្បីធានាអនាគតរុងរឿងរបស់កូនចៅជំនាន់ក្រោយ។

ជាក់ស្តែងនៅថ្ងៃទី២៧ និងទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការីក្នុងក្រុមការងារ គណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានជួបប្រាស្រ័យយ៉ាងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋអ្នកបោះឆ្នោតនៅក្នុងឃុំកញ្ជរ ស្រុកឆ្លូង និងឃុំស្រែចារ ស្រុកស្នួល។

ឆ្លើយនឹងសំណួរលើកឡើងថា តើបងប្អូនប្រជាពលរដ្ឋយើងចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់លើកនេះដើម្បីអ្វី? ចង់បានអ្វី? ចម្លើយតែមួយគត់ដូចគ្នា គឺពួកគាត់ចង់បានស្រុកភូមិនៅតែមានសុខសន្តិភាព ជីវភាពរស់នៅក្នុងសហគមន៍មូលដ្ឋាននៅតែបានសុខសាន្តជាធម្មតា ពិសេសក្រោយពេលកូវីដ-១៩ និងកូនចៅសុខសប្បាយ បានរៀនសូត្រ ដើម្បីមានអនាគតល្អប្រសើរ។

ហេតុនេះ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើការសន្និដ្ឋានរួមពីមូលហេតុចម្បងនៃការសម្រេចចិត្តជ្រើសរើសរបស់ប្រជាជន សម្រាប់ការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យសេរីពហុបក្សនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២នេះ គឺសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព ដើម្បីអនាគតថ្លៃថ្លារបស់មនុស្ស គ្រប់រូប និងគ្រប់ជំនាន់ ដែលទាំងអស់នេះសុទ្ធតែជាសមិទ្ធផលនៃស្នាដៃជាប្រវត្តិសាស្រ្ត និង ក៏ស្ថិតនៅគ្មានអ្វីប្រែប្រួលក្នុងឧត្តមគតិ និងយុទ្ធសាស្ត្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ពិសេសត្រូវបានបញ្ជាក់ច្បាស់ នៅក្នុងខ្លឹមសារនៃគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ រយៈពេល៥ឆ្នាំខាងមុខ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧៕