(ភ្នំពេញ)៖ បេក្ខជនក្រុមប្រឹក្សាសង្កាត់ពេញសិទ្ធិ និងបម្រុងមកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានសរុប១៩៣នាក់ក្នុងរាជធានីភ្នំពេញ បានប្រកាសចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះតទៅ។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា នាព្រឹកនេះបេក្ខជនពេញសិទ្ធិ និងបម្រុងមកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន៦១រូប ហើយសកម្មជនមកពីគណបក្សទាំង៣មានចំនួន១៣២នាក់ ក្នុងនោះខណ្ឌដូនពេញ៧៣នាក់ ខណ្ឌច្បារអំពៅចំនួន៣៨នាក់ ខណ្ឌបឹងកេងកងចំនួន១១នាក់ ខណ្ឌ៧មករាចំនួន៤នាក់ ខណ្ឌមានជ័យចំនួន៥នាក់ ខណ្ឌពោធិ៍សែនជ័យចំនួន៤៣នាក់ ខណ្ឌជ្រោយចង្វារចំនួន១៨នាក់ និងខណ្ឌកំបូលចំនួន៣នាក់។
បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ពេញសិទ្ធិ និងបម្រុង ព្រមទាំងសកម្មជនដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជាបានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាងនិងអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។
លោក ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។
លោក ឃួង ស្រេង បានថ្លែងរលឹកជាប់ជាប្រចាំថា ប្រទេសជាតិមានសន្តិភាពមានការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ ហើយសម្តេចបានដាក់ចេញនូវនយោបាយឈ្នះឈ្នះរំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមនាំយកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេចមានទស្សនវិស័យវែងឆ្ងាយក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ ខណៈដែលប្រទេសដទៃទូទាំងពិភពលោកកំពុងឆ្លងរីករាលដាល និងស្លាប់ពលរដ្ឋខ្លួនរាប់រយពាន់ម៉ឺននាក់នៅឡើយ។
លោក ឃួង ស្រេង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះត្រូវជឿជាក់និងបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ និងប្រជាជន និងរួមគ្នាកសាងអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ។
សូមជម្រាបថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា៕