(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាឃុំក្រែក ប្រមាណជាង៦០០នាក់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២នេះ នៅស្នាក់ការគណបក្សឃុំក្រែក ស្រុកពញាក្រែក។

សម្រាប់សមាជិកថ្មីទាំង៦២៨នាក់នោះ បានចាកចេញពីគណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៉ិនប៉ិច និងគណបក្សខ្មែរស្រឡាញ់ជាតិ ដែលភាគច្រើនមកពីគណបក្សភ្លើងទៀន។

នៅក្នុងឱកាសនោះ លោក វង សូត បានថ្លែងថា អ្នកដែលធ្លាប់រួមរស់ជាមួយគណបក្សដ៏ទៃ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាបាល បច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោកបានថ្លែងទៀតថា នៅរយៈពេលតិចណាស់ ដែលដល់ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះសមាជិកថ្មីទាំងអស់ ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធ ក្នុងការបម្រើឲ្យការបោះឆ្នោតជាពិសេសអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ សម្រាប់ចូលរួមការបោះឆ្នោតឲ្យបានគ្រប់គ្នា។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានលើកឡើងថា មានតែរាជរដ្ឋាភិបាលទេ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់សុខសន្តិភាព ការអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់ជូនដល់ប្រជាជន។

ប្រធានបានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺតែងតែគិតគូរផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជានិច្ចជាក់ស្ដែង ដូចពេលនេះកម្ពុជាបានផ្តល់វ៉ាក់សាំងចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃឡើយ ពោលគឺពីដូសទី១ ទី២ ដូសជំរុញ និងបន្ថែមដូសទី៤ទៀត ដើម្បីប្រយុទ្ធប្រឆាំងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។

ជាមួយគ្នានេះលោក វង សូត សង្ឃឹមយ៉ាងមុតមាំថា សម្រាប់អាណត្តិថ្មីខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងមានអ្នកគាំទ្រច្រើន ខណៈសមាជិកយើងបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសើរ និងឈានដល់យកជ័យលាភីឈ្នះនៅថ្ងៃបោះឆ្នោតឃុំសង្កាត់ក្នុងអាណត្តិទី៥ ឆ្នាំ២០២២-២០២៧នេះ៕