(ត្បូងឃ្មុំ)៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងភ្នាក់ងាររបស់គណបក្សភ្លើងទៀនចំនួន ៣៦០នាក់ នៅតាមបណ្តារស្រុកមួយចំនួននៃខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដាក់ពាក្យលាលែងពីបេក្ខជនឈរឈ្មោះ និងបានសុំលាលែងពីសមាជិកគណបក្ស។ មិនតែប៉ុណ្ណោះ ក៏មានសកម្មជន និងសមាជិករបស់គណបក្សភ្លើងទៀន និងគណបក្សដទៃទៀតសរុប ៣៦០នាក់ បានសម្រេចចិត្តលាលែងពីសមាជិកគណបក្សរបស់ខ្លួន ក្រោយពីអស់ជំនឿលើគណបក្សរបស់ខ្លួន។
ក្នុងពាក្យសុំលាលែងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកដែលបានលាលែងទាំងនោះ បានបញ្ជាក់ថា ពួកគេមានបំណងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានគោលនយោបាយច្បាស់លាស់ និងអភិវឌ្ឈជាក់ស្តែងគ្រប់វិស័យ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ មានបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងពេញសិទ្ធិគណបក្សភ្លើងទៀន និងគណបក្សដទៃចំនួន៧២០នាក់បន្ថែមទៀត នៅក្នុងនោះស្រី២៤០នាក់ បានប្រកាសដើរចេញពីគណបក្សរបស់ខ្លួនក្រោយពីអស់ជំនឿ ហើយមានបំណងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ជឿជាក់យ៉ាងមុតមាំថា សមាជិក សមាជិកាថ្មី នឹងចូលរួមធ្វើសកម្មភាពដ៏ខ្លាំងក្លានៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលហ៊ានប្រថុយជីវិតចូលទៅជំរុំរបស់សត្រូវ គឺសម្តេចបានប្រើប្រាស់ជីវិតរបស់ខ្លួនមកធ្វើជាដើមទុន ដើម្បីប្តូរយកសុខសន្តិភាពរហូតដល់បច្ចុប្បន្ននេះ និងហ៊ានការពារអាយុជីវិតប្រជាជនកម្ពុជា៕