(កណ្តាល)៖ សង្វែកណាស់! ស្ត្រីវ័យវ័យ៦៩ឆ្នាំម្នាក់ រស់នៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយំសម្រក់ទឹកភ្នែកបង្ហើយសុំជំនួយពីសប្បុរសជននានា សម្រាប់ព្យាបាលជំងឺប្តី ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ខណៈកូនប្រុសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
រៀបរាប់ទាំងទឹកភ្នែករលីងរលោងលោកស្រី សរ សម្បត្តិ បានឱ្យដឹងថា គាត់បានយកប្តីរបស់ខ្លួនឈ្មោះ អយ ជុច អាយុ៧១ឆ្នាំ ទៅព្យាបាលនៅមន្ទីរមួយកន្លែងនារាជធានីភ្នំពេញ ដោយគាត់ និងប្តីសម្រាករយៈ១៩ថ្ងៃ ប៉ុន្តែ ក្រុមគ្រូពេទ្យមិនបានបញ្ជាក់ថាប្តីរបស់គាត់មានជំងឺអ្វីឱ្យច្បាស់នោះទេ ដោយជើងប្តីរបស់គាត់កាន់តែរីកធំឡើងៗ។
លោកស្រី សរ សម្បត្តិ បានបន្តថា បច្ចុប្បន្ននេះ គាត់ និងប្តីគ្មានផ្ទះសម្បែងទេ គឺពួកគាត់រស់នៅជាមួយកូន ដែលមានជីវភាពខ្វះខាត។
ស្ត្រីចំណាស់រូបនេះ បានបញ្ជាក់ថា បើទោះបីជាអាការៈប្តីរបស់គាត់កាន់តែធ្ងន់ឡើងក៏គាត់មិនមានលទ្ធភាពបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ ដោយសារតែកូនប្រុសរបស់គាត់ម្នាក់ទៀត បានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឡើយ ដោយគ្មានថវិកាសម្រាប់ព្យាបាលជំងឺកូន និងប្តី លោកស្រី និងកូនប្រុសម្នាក់ទៀត បានសម្រេចយកម៉ូតូមួយគ្រឿង សម្រាប់ធ្វើដំណើរទៅធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ ទៅបញ្ចាំគេ ដើម្បីបានប្រាក់ខ្លះសម្រាប់ដោះស្រាយបញ្ហា។
ជាមួយនឹងភាពខ្វះខាតយ៉ាងខ្លាំងបែបនេះ លោកស្រី សរ សម្បត្តិ បានទទូចដង្ហើយស្វែងរកសប្បុរសជនជិតឆ្ងាយមេត្តាជួយឧបត្ថម្ភជាថវិកា និងសម្ភារៈ បន្តិចបន្តួចសម្រាប់ព្យាបាលជំងឺប្តី និងដោះស្រាយជីវភាពប្រចាំថ្ងៃ។
បើតាមលោក ហឿន ហៀង មេភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបញ្ជាក់ថា សម្រាប់ក្រុមគ្រួសាររបស់លោក អយ ជុច និងលោកស្រី សម្បត្តិ គឺមានស្ថានភាពលំបាកយ៉ាងខ្លាំង ដោយបច្ចុប្បន្ននេះ គាត់មិនមានផ្ទះសម្រាប់ស្នាក់នោះទេ គឺគាត់ទាំងពីរនាក់ រស់នៅផ្ទះជាមួយកូនប្រុសច្បង ដែលកំពុងមានជីវភាពទីទ័លក្រ។
លោកមេភូមិបានបន្តថា ក្នុងនាមជាអាជ្ញាធរភូមិ លោកតែងតែផ្តល់នូវថវិកា និងអំណោយបន្តិចបន្តួចជូនក្រុមគ្រួសាររបស់គាត់ សម្រាប់ដោះស្រាយការលំបាកបានមួយគ្រាៗ។ ក្នុងនាមអាជ្ញាធរភូមិ លោកសូមអំពាវនាវដល់សប្បុរសជននានា មេត្តាឧបត្ថម្ភធនធានបន្តិចបន្តួចដល់ក្រុមគ្រួសារពួកគាត់ផង ដើម្បីទទួលបានថវិកាខ្លះសម្រាប់ព្យាបាលជំងឺរបស់គាត់។
សម្រាប់លេខទំនាក់ទំនងផ្តល់ជំនួយតាមរយៈលេខទូរស័ព្ទ៖ 098 747 277 លោក ហុង បញ្ញា ឬតាមរយៈលេខកុង ABA 003 367 547 YOEUN THEARA៕