(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលគោរមងារ នាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ពីក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នាថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦ ៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា៖ ការថ្វាយគោរមងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ពីក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពិតជាបង្ហាញពីការផ្តល់តម្លៃ និងមហាកិត្តិយសដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិ និងព្រះពុទ្ធសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីកម្មនៃស្នាព្រះហស្ត សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អលើឆាកអន្តរជាតិ និងព្រះបូជនីយកិច្ចដ៏ថ្លៃថ្លា ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម ជូនជាតិ សាសនា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយចំពោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា៖