(សៀមរាប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងសេវាកម្មក្នុងខេត្តសៀមរាប ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាហាឡាលកម្ពុជា ខណៈខេត្តនេះជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជាក្នុងការទទួលភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសភ្ញៀវទេសចរមូស្លីម។

ដើម្បីជំរុញនិងផ្សព្វផ្សាយអំពីបញ្ហានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការហាឡាលកម្ពុជា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាហាឡាលកម្ពុជា ទៅស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់កម្ពុជា ជាពិសេសការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

លោក ស៊ិន ស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា «សិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការហាឡាលកម្ពុជានេះ គឺដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាហាឡាលកម្ពុជា ពីសំណាក់សហគ្រាស ក្រុមហ៊ុន និងសេវាកម្មក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍របស់កម្ពុជា ក្នុងការទទួលភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសភ្ញៀវទេសចរមូស្លីម»

លោកបានបន្តថា ក្នុងរយៈពេល៥ឆ្នាំ (២០១៧-២០២២) ប្រទេសកម្ពុជាមានតែសហគ្រាស ក្រុមហ៊ុនចំនួន១២៣ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាហាឡាលកម្ពុជា (បើគិតជាមុខទំនិញសរុបមានចំនួន៨២៣មុខ) ដែលជាចំនួនមួយតិចតួចនៅឡើយ។

លោកអគ្គនាយករងបានបន្តទៀតថា ទន្ទឹមនឹងការលើកទឹកចិត្តឲ្យមានការអភិវឌ្ឍផលិតផលហាឡាលនៅកម្ពុជា និងដើម្បីកសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការធ្វើពាណិជ្ជកម្មផលិតផលហាឡាល និងសេវាកម្មហាឡាល ប្រកបដោយសមភាព និងសុច្ចរិតភាព អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ក៏មានតួនាទីសំខាន់ដែរក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាបការក្លែងបន្លំនូវការប្រើប្រាស់ស្លាក/សញ្ញាហាឡាលកម្ពុជា ដែលមិនបានដាក់ពាក្យស្នើសុំត្រួតពិនិត្យវាយតម្លៃ និងពុំទទួលបានការអនុញ្ញាតពីគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក)។

នៅរសៀលថ្ងៃដដែលនោះ អគ្គនាយកដ្ឋាន ក.ប.ប បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប និងកិច្ចការហាឡាល ក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលខ្មែរ និងផលិតផលផ្លែឈើលើកទី១៥ ដែលរៀបចំដោយអគ្គ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

ព្រឹត្តិការណ៍ខាងលើនេះធ្វើឡើងដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ និងតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប និង អត្ថប្រយោជន៍ក្នុងការទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា៕