(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យនិងពន្លឿនដំណើរការសាងសង់វិមានឯករាជ្យ និងអគារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វិមានឯករាជ្យ ដែលស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានចាប់ដំណើការសាងសង់កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ការសង់សង់រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណជា៦០%។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានពន្លឿនក្រុមបច្ចេកទេសសាងសង់ ធ្វើយ៉ាងណាឱ្យរួចរាល់ជាស្ថាពរ និងដាក់សម្ពោធនៅថ្ងៃបុណ្យឯករាជ្យជាតិ ៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
លោក អ៊ុន ចាន់ដា ធ្លាប់ប្រាប់ឲ្យដឹងថា ការរៀបចំសាងសង់វិមានឯករាជ្យខេត្តកំពង់ចាមនេះ ដើម្បីជាកន្លែងប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃជាប្រវត្តិសាស្រ្ត នៃការអបអរសាទរបុណ្យ ឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណាក់ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យពីអាណានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយ។
លោកធ្លាប់បានបញ្ជាក់ថា សំណង់វិមានឯករាជ្យមួយនេះ ក៏ជាការចូលរួមចំណែក លើកកម្ពស់សោភ័ណភាពក្នុងក្រុងកំពង់ចាម មួយផ្នែកធំផងដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលមកកំសាន្ត នៅខេត្តកំពង់ចាម ពួកគាត់អាចមកទស្សនាវិមានឯករាជ្យ ដែលមានលម្អទៅដោយសួនច្បារ លើកកម្ពស់សោភ័ណភាព នឹងក៏សម្រាប់ឈានទៅប្រលងត្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ៕