(កំពង់ឆ្នាំង)៖ ដំណាំដូងក្រអូបជាង២ម៉ឺនដើម ដាំនៅក្នុងកសិដ្ឋានមួយកន្លែង ក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកំពុងទទួលផលជាបណ្ដើរបណ្ដើរៗ ដែលឈ្មួញកណ្ដាលបានកម្មង់ទិញ ជារៀងរាល់ខែ ព្រោះតែដូងក្រអូបនេះមានរសជាតិផ្អែមក្រអូប និងកំពុងពេញនិយមនៅលើទីផ្សារទៀតផង។
លោក ពេញ វួន អាយុ៥២ឆ្នាំ ជាកម្មករមើលថែដំណាំដូង ក្រអូប ក្នុងចំការបានឲ្យដឹងថា ចំការដូងក្រអូបនេះមាន១៥០ហិកតា និងមានចំនួន២៦,០០០ដើម ដូងនេះមានអាយុ៥ឆ្នាំ នឹងទទួលផលបាន២ឆ្នាំហើយដែរ និងបានបេះលក់ ជារៀងរាល់ខែ ក្នុងមួយខែបេះលក់បានជាង២០,០០០ផ្លែ លក់ចេញក្នុង១ផ្លែ ២,០០០រៀល ឈ្មួញកណ្ដាលមកទទួលទិញយកលក់បន្តជារៀងរាល់ខែ ដែលម្ចាស់កសិដ្ឋានមិនពិបាកដឹកយកទៅលក់នៅទីផ្សារខ្លួន ឯងនោះទេ។ ចំណែកដំណាំដូងទាំង១៥០ហិតានេះ មានកម្មករតែ៣នាក់ប៉ុណ្ណោះ សម្រាប់មើលថែ មិនចាំបាច់ចំណាយកម្មករច្រើនឡើយ។
លោកតាជាម្ចាស់កសិដ្ឋានចំការដូងក្រអូបខាងលើ ឈ្មោះ កុង ហេង បានរៀបរាប់ប្រាប់ឱ្យដឹងថា ដំណាំដូងក្រអូបនេះ លោកតាដាំលើផ្ទៃដីជាង១៥០ហិកតា មានចំនួន២៦,០០០ដើម ចំពោះបច្ចេកទេសដាំ និងថែទាំ មានការលំបាកបន្តិចដោយសារតែដូងនេះ បានដាំនៅលើដីជើងភ្នំដែលជាដីរបាយខ្សាច់ ហើយដីនេះមិនអាចជីកប្រឡាយតាមជួរដើមដូងក្នុងចំការបាន គឺត្រូវតទុយោតាមគល់ដូងគ្រប់ដើម នឹងត្រូវបើកទឹកស្រោចក្នុងរដូវប្រាំង ជារៀងរាល់ថ្ងៃ ចំណែករដូវវស្សាបើរាំងភ្លៀងយូរថ្ងៃ ក៏ត្រូវបើកទឹកបាញ់គ្រប់គល់ដូងទាំងជាង២ម៉ឺនដើមនេះផងដែរ។
លោកតាបន្តថា ចំពោះអាយុកាលដែលត្រូវទទួលផលពីផ្លែដូងក្រអូបនេះ អាចទទួលផលបានរហូតមួយជីវិត ស្មើនិង៤០ ទៅ៥០ឆ្នាំ តែអ្នកដាំដូងភាគច្រើនគេមិនអាចទុកដល់ណុងទេ ត្រឹមតែ៣០ឆ្នាំគេត្រូវកាប់ចេញ ហើយដាំថ្មីឡើងវិញ ដោយសារតែដើមដូងមានអាយុ៣០ឆ្នាំឡើងទៅ វាមានកម្ពស់ខ្ពស់ពី៨ ទៅ១០ម៉ែត្រឯណោះ ដែលមានការលំបាកក្នុងការឡើងបេះផ្លែរបស់វា។
លោកតាបញ្ជាក់ថា លោកតាធ្លាប់បានដាំដូងក្រអូបនេះ និងម្រេចនៅខេត្តកំពត ដីនៅខេត្តកំពតអាចជីកប្រឡាយតាមជួរដើមដូងបានដោយមិនអាចប្រើទុយោគ្រប់គល់ដូង ដូចដីនៅទីនេះទេ ចំណែកការជិះប្រឡាយតាមជួរដើមដូងត្រី ដែលចិញ្ចឹមវាអាចស៉ីផ្កាដូងដែលធ្លាក់មកចូលទឹកប្រឡាយជាចំណីបានទៀតផង។
លោកតាបន្តឲ្យដឹងទៀតថា បច្ចុប្បន្ននេះលោកតាមានដី ចម្ការចំនួនជាង៥០០ហិកតា លោកតាបានដាំដំណាំកសិកម្មទាំងអស់ ក្នុងនោះមានដំណាំស្វាយ ដំណាំទុរេន ដូង ក្រអូប និងដើមក្រញូងហៃណាន ដំណាំទាំងអស់នេះ គឺទើបតែទទួលផលរយៈពេល២ឆ្នាំនេះ។ ហើយដំណាំកសិ កម្មទាំងអស់ខាងលើនេះដែរ លោកតាបានចំណាយថវិកាអស់ច្រើនណាស់ ទម្រាំបានប៉ុណ្ណេះ គឺលោកតាប្រើរយៈ ពេលជាង១០ឆ្នាំ ហើយដំណាំទាំងអស់នេះ ត្រូវដាំនៅលើដីខ្សាច់។
តាមរយៈបណ្ដាញព័ត៌មាន Fresh News នេះដែរ លោកតាក៏បានសុំសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពង់ឆ្នាំង មេត្តាជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងសហការប្រកបដោយចិត្តរីករាយជាមួយលោកតា ដែលបានខិតខំប្រឹងប្រែងដាំដំណាំកសិកម្ម សម្រាប់ជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេតកំពង់ឆ្នាំង ក៏ដូចជាតម្រូវការរបស់ទីផ្សារផ្សេងៗផងដែរ៕