(ឥណ្ឌា)៖ រដ្ឋមន្ត្រីការបទេសអាស៊ាន-ឥណ្ឌា បានព្រមព្រៀងធ្វើការរួមគ្នាឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា នៅពេលខាងមុខនេះ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការព្រមព្រៀងគ្នាខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងបានអញ្ជើញចូលរួមកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងញូវដេលី។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអាស៊ាន-ឥណ្ឌា រដ្ឋមន្ត្រីការបទេសអាស៊ាន-ឥណ្ឌា បានព្រមព្រៀងធ្វើការរួមគ្នាឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ដែលមានអត្ថន័យ ប្រកបដោយខ្លឹមសារ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយពិចារណាលើសក្តានុពលដ៏ធំនៃទំនាក់ទំនងដែលកំពុងបន្តរីកចម្រើន»។
រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា ក៏បានសម្តែងសេចក្តីពេញចិត្តចំពោះវឌ្ឍនភាព ដែលសម្រេចបានក្រោមផែនការការងារសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាបច្ចុប្បន្ន និងទន្ទឹងរង់ចាំការអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានសង្កត់ធ្ងន់លើសារសំខាន់ ក្នុងការការបង្កើនវិសាលភាពកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាឲ្យកាន់តែស៉ីជម្រៅថែមទៀត លើវិស័យផ្សេងៗ ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ឲ្យមានភាពធន់ថែមទៀត និងដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នយូរអង្វែង នៅក្នុងតំបន់ ដែលមានសន្តិភាព ស្ថិរភាព និងសុខដុមរមនា។ ក្នុងចំណោមវិស័យនានា ដែលបានរំលេចនៅក្នុងកិច្ចពិភាក្សា ជាអាទិ៍មាន៖ ការលើកកម្ពស់សមត្ថភាពសុខភាពសាធារណៈ ការផលិតវ៉ាក់សំាងបង្ការ ឱសថបុរាណ សេដ្ឋកិច្ចពណ៌ខៀវ កសិកម្មឆ្លាតវៃស្របអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ថាមពលស្អាត និងថាមពលកកើតឡើងវិញ ការអភិវឌ្ឍធនធានមនុស្សដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការតភ្ជាប់ផ្លូវគោក-ផ្លូវអាកាស-ផ្លូវសមុទ្រ។
រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវមូលនិធិអាស៊ាន-ឥណ្ឌា (AIF) មូលនិធិបៃតងអាស៊ាន-ឥណ្ឌា (AIGF) មូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា ក៏ដូចជាការផ្តល់ជូនរបស់ឥណ្ឌានូវបន្ទាត់ឥណទាន សម្រាប់គម្រោងតភ្ជាប់នានា។ ដើម្បីសម្រួល និងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ច រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានគូសបញ្ជាក់អំពីសារសំខាន់ ក្នុងការពន្លឿនការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) និងបានអំពាវនាវឱ្យធ្វើការចាប់ផ្តើម ឡើងវិញឲ្យបានរួសរាន់នូវទេសចរណ៍ប្រកបដោយចីរភាព និងសុវត្ថិភាព។ អាស៊ានក៏បានលើកទឹកចិត្តឥណ្ឌា ឱ្យគាំទ្របដិវត្តន៍ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកម្លាំងពលកម្ម។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌា បានទទួលស្គាល់សមិទ្ធផលជាច្រើនដែលសម្រេចបាន ក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានគាំទ្រយ៉ាងពេញទំហឹងចំពោះមជ្ឈភាពអាស៊ាន នៅក្នុងយន្តការដឹកនាំដោយអាស៊ាន និងកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC 2025) និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI)។ល។
ក្នុងការសម្តែងនូវការកោតសរសើរចំពោះការគាំទ្ររបស់ឥណ្ឌា រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បាននិយាយលើកតម្កើងផងដែរនូវការរួមចំណែករបស់ឥណ្ឌា ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងសកលលោក រួមទាំងក្នុងតំបន់អាស៊ានផងដែរ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ឥណ្ឌា រួមទាំងការកំណត់ឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន- ឥណ្ឌា» ជាមួយនឹងព្រឹត្តិការណ៍អមជាច្រើនដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។